Register Already an agent ? Login

បុរីលំនៅដ្ឋានតម្លៃជាង២០លានដុល្លារនឹងបង្ហាញរូបរាងនៅតំបន់ព្រៃទទឹងផ្លូវជាតិលេខ៣

ភ្នំពេញ: អ្នកវិនិយោគក្នុងស្រុក និងក្រុមតារាចម្រៀងល្បីឈ្មោះនៅកម្ពុជាបានសម្រេ​ចបោះទុន២០លានដុល្លារ ដើម្បីសាងសង់លំនៅដ្ឋានប្រណីតមួយ នៅតំបន់ផ្សារព្រៃទទឹង ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៣។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលគេស្គាល់ថាជាអ្នកជំនួញវិស័យអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា មិនយូរទៀតទេ តំបន់ខាងលើនេះនឹងអភិវឌ្ឍរូបរាងពីដីព្រៃ ដីវាលស្រែទៅជាទីប្រជុំជន និងជាសំណង់លំនៅដ្ឋានព្រោងព្រាតជាមិនខាន។

លោកបន្តថា បន្ទាប់ពីទទួលជោគជ័យលើគម្រោងសាងសង់បុរីរបស់លោកជាច្រើនទីតាំងរួចមក ពេលនេះលោកបានសម្រេចបោះទុន អភិវឌ្ឍតំបន់ខាងលើបន្តទៀត ដែលក្នុងនោះរួមមានការពុះដីឡូតិ៍ និងការសង់លំនៅដ្ឋានបែបវីឡា។

លោកឧកញ៉ាបន្តថា “អ្វីថ្មី និងប្លែកមិនធ្លាប់មានពីមុនមកនោះ គឺនៅក្នុងគម្រោងដែលទើបតែចាប់ផ្ដើមខាងលើនេះ ក្រៅពីទុនផ្ទាល់ខ្លួន គឺមានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះ២រូប គឺលោកព្រាប សុវត្ថិ និងលោក ខេមរៈ សេរីមន្ត ដែលអ្នកទាំង២ ក៏ជាម្ចាស់ទុនលើគម្រោងនេះដែរ”។

លោកព្រាប សុវត្ថិ ដែលទើបតែក្លាយជាអ្នកជំនួញអចលនទ្រព្យថ្មីថ្មោងនោះ បានបង្ហាញពីភាពជឿជាក់ថា លោកមិនព្រួយបារម្ភរឿងជួបហានិភ័យនោះទេ ព្រោះជាក់ស្ដែងបច្ចុប្បន្ន វិស័យមួយនេះកំពុងតែមានសកម្មភាពខ្លាំង ហើយរហូតទៅថ្ងៃខាងមុខក៏នៅតែល្អ ព្រោះប្រទេសជាតិមានការអភិវឌ្ឍន៍ ហើយមនុស្សក៏កើនឡើង ដែលជម្រុញអោយវិស័យលំនៅដ្ឋានមានតម្រូវការខ្ពស់។

ដោយឡែកចំពោះគម្រោងខាងលើនេះ ស្ថិតទីតាំងល្អ ជាប់ផ្លូវជាតិលេខ៣ ជាទីប្រជុំជន មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដែលងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរចេញចូលក្រុង ហើយសម្រាប់អ្នកដែលចង់ទិញវិនិយោគបន្តយកចំណេញក៏មានឱកាសច្រើនផងដែរ៕

ប្រភព : www.propertyarea.asia