ភ្នំពេញ៖ កម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសមានវិស័យទេសចរណ៍ធម្មជាតិ ឬ Eco-Tourism ល្អបំផុតលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report។
សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយភាពសម្បូរបែបនៃធនធានធម្មជាតិ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
គោលដៅសំខាន់ គឺផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិជាមួយការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ ដើម្បីឱ្យពួកគេក្លាយជាអ្នកចូលរួម និងជាម្ចាស់នៃការអភិវឌ្ឍមូលដ្ឋាន ខណៈកាត់បន្ថយការពឹងផ្អែកលើសកម្មភាពដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិ។
កន្លងមក ក្រសួងបរិស្ថានបានរៀបចំ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប ហើយមានផែនការពង្រីកទៅតំបន់សក្តានុពលផ្សេងទៀត។
ជាក់ស្តែង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាអភិវឌ្ឍតំបន់ការពារធម្មជាតិជីផាត ខេត្តកោះកុង ឱ្យក្លាយជាគោលដៅលំហែបៃតងគំរូថ្មីមួយទៀត។ ការពង្រីកគោលដៅទេសចរណ៍ធម្មជាតិបែបនេះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕
ដោយ៖khmerhome