Register Already an agent ? Login

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណ ១,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារ

ភ្នំពេញ៖ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល គូសបញ្ជាក់ថា ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៩។

ការគូសបញ្ជាក់បែបនេះរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ក្រោមមូលបទ៖ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០»។

ពិធីនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងនៅឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមាននៃការរៀបចំចំនួន ២លើកកន្លងមក ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកា ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។

លោកជំទាវរដ្ឋមន្ត្រី ថ្លែងថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ថ្លែងបន្តថា ដើម្បីធានាបានថាកម្ពុជាមានរបៀបវារៈ យុទ្ធសាស្រ្ត និងបទប្បញ្ញត្តិជាក់លាក់និងគ្រប់គ្រាន់ ក្នុងការគាំទ្រនិងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងធានាបានថា វិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចមានលទ្ធភាពពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។

ក្នុងឱកាសនោះ ក្នុងការសម្លឹងមើលទៅអនាគត និងដើម្បីរួមគ្នាក្នុងការជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច រួមមាន៖ ១) កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ២) ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ៣) ត្រៀមកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ ៤) ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព ៥) សម្រួលការលក់ឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសកម្ពុជា ៦) ធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និង៧) បង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។

សូមបញ្ជាក់ផងដែរថា វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល៣ថ្ងៃ រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។ កម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង៕

ដោយ៖khmerhome