ភ្នំពេញ៖ ក្រុមហ៊ុន ROYAL GROUP Of Company របស់ឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រុមហ៊ុន HLH Development PTE LTD) សឹង្ហបុរី ដើម្បីសាងសង់អាគារពាណិជ្ជកម្មនៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយបញ្ចប់ពិធីចុះហត្ថលេខាទ្វេរភាគី នៅសណ្ឋាគារកាំបូឌីយ៉ា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ រវាងលោកHanna Mark នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានឲ្យដឹងថា បន្ទាប់ពីរក្រុមហ៊ុនទាំងពីរចុះកិច្ចព្រមព្រៀងរួចមក កំឡុងពេល០៣ខែខាងមុខទៀត គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ឡើងលើផ្ទៃដីសរុបជាង៨ពាន់ម៉ែត្រក្រឡា។
ការសហការគ្នានេះ ក្រុមហ៊ុន Royal Group Of Company ជាអ្នកផ្តល់ដីសម្រាប់វិនិយោគគំរោងនេះ និងក្រុមហ៊ុនសឹង្ហបុរីជាអ្នកវិនិយោគសាងសង់អាគារ។
លោក Ryan Ong នាយកប្រតិបត្តិក្រុមហ៊ុន អេច អិល អេច បានមានប្រសាសន៍បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះថា ក្នុងនាមជាក្រុមហ៊ុនដែលបានចុះបញ្ជីរក្នុងផ្សារហ៊ុន មកពីប្រទេសសឹង្ហបុរី និងមានប្រមូលបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងការសាងសង់អចលនទ្រព្យ និងអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីតាំងពីឆ្នាំ១៩៨៨ យើងប្តេជ្ញានាំមកនូវជំនាញ និងវិជ្ជាជីវៈខ្ពស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោកបន្តថា “ពួកយើងអាចកំណត់ថា សំណង់នៃការអភិវឌ្ឍន៍ នឹងត្រូវសាងសង់ឡើង ប្រកបដោយគុណភាពដែលមានការធានា និងមានស្តង់ដាសាងសង់លក្ខណៈអន្តរជាតិ។
លោកបានសម្តែងសុទិដ្ឋិនិយមថា គំរោងអភិវឌ្ឍថ្មីនេះ បូករួមជាមួយនឹងជំនាញដ៏ធំធេងរបស់ក្រុមហ៊ុន ទាំងពីរក្នុងការអភិវឌ្ឍអចលនទ្រព្យ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកទិញ ហើយនឹងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅកម្ពុជាបន្ថែមទៀត៕
ប្រភព : Property area