Register Already an agent ? Login

គម្រោងដីពុះឡូតិ៍ នៅម្តុំផ្សារអង្គស្នួលកំពុងមានភាពពុះកញ្ជ្រោល

ភ្នំពេញ ៖ ស្របពេលដែលអចលនទ្រព្យក្នុងក្រុងភ្នំពេញឡើងថ្លៃខ្ពស់កាន់តែខ្លាំង បានជំរុញឱ្យតម្លៃដីនៅតំបន់ជាយក្រុងមានសន្ទុះឡើងខ្លាំងផងដែរ។ តួយ៉ាងដូចជាសកម្មភាពពុះដីឡូតិ៍លក់នៅជុំផ្សារអង្គស្នួល កំពុងតែមានសកម្មភាពកញ្ជ្រោលឡើងៗនៅត្រឹមរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោក សុខ ប៊ុនធឿន ប្រធានផែ្នកលក់នៃគម្រោងអចលនទ្រព្យ និងដីពុះឡូត៍នៅមុខផ្សារអង្គស្នួលបានឱ្យដឹងថា ដោយសារផ្សារអង្គស្នួលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជាទីប្រជុំជនធំមួយនៅជាប់ផ្លូវជាតិលេខ៤ បានធ្វើឱ្យអតិថិជនចូលទៅបណ្តាក់ទុនរកស៊ីកាន់តែច្រើនឡើងៗ ហើយរោងចក្រវាយណភ័ណ្ឌ ក៍បានពង្រាយខ្លួននៅទីនោះច្រើនឡើងដែរ ដែលធ្វើឱ្យតម្លៃដីនៅទីនោះហក់ឡើងខ្ពស់ខ្លាំង នៅរយៈពេលចុងក្រោយនេះ។

លោកថា តម្លៃដីក្នុងមួយឡូតិ៍ ៥ម៉ែត្រគុណនឹង២០ម៉ែត្រ នៅមុខក៍ដូចជានៅក្រោយផ្សារអង្គស្នួល កាលពីឆ្នាំមុន មានតម្លៃចន្លោះពី២០០០ដុល្លារទៅ៣០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែស្របពេលដែលរោងចក្រពង្រីកខ្លួនកាន់តែច្រើនទីនោះ បានធ្វើឡើយតម្លៃដីកើនឡើងទ្វេរដង ក្នុងមួយឡូតិ៍តម្លៃដល់ទៅជាង៦០០០ដុល្លារ។ ហើយថាគម្រោងពុះដីឡូតិ៍ទំហុំ២ទៅ៣ហិកតា គេពុះលក់ត្រឹមតែជាង១ខែទៅ២ខែ នឹងលក់អស់មិនខា។

សម្រាប់ក្រុមហ៊ុនរបស់លោក ដោយសារពុះដីឡូត៌លក់នៅចំពីមុខរោងចក្រកាត់ដេរ មានស្រាប់និងកំពុងសាងសង់សន្ថែម ហើយមានក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់ផងនោះ បានធ្វើឱ្យដីឡូតិ៍ទីនោះលក់ដាច់ខ្លាំង គ្រាន់តែអតិថិជនទៅឃើញទីតាំងកក់លុយទិញតែម្តង។ លោកថាលោកមានបំណងចង់ពុះដីឡូតិ៍បន្ថែមទៀត ប៉ុន្តែបច្ចុប្បន្នប្រជាជនលក់ឡើងថ្លៃ១គុណនឹង២ ទើបធ្វើឱ្យក្រុមហ៊ុនរារែក ក្នុងការទិញដីពង្រីកបន្ថែម។

លោកថា អ្វីដែលធ្វើអតិថិជនទទួលបានចំណេញភ្លាមៗ ពីការទិញដីឡូតិ៍គឺដោយសារតែអតិថិជនអាចសាងសង់ផ្ទះល្វែងលើដីនោះ សម្រាប់រស់នៅផ្ទាល់ខ្លួនក៍បាន សម្រាប់លក់ឬជួលក៍បាន ដោយសារនៅពេលមានរោងចក្រសង់ថ្មីរួចរាល់ប្រាកដជាមានមនុស្សនៅច្រើន ដីឡើងថ្លៃលឿន។

ជាមួយគ្នានេះ លោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសូរិយោដីខេត្តកណ្តាលមានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពពុះដីឡូតិ៍លក់តំបន់នោះ ពិតជាមានការកើនឡើងមែន ដោយមន្ទីរទទួលបានសំណើពុះដីឡូតិ៍លក់ កើនឡើងគួរឱ្យកត់សម្គាល់។ លោកអះអាងថា ធម្មតាទីប្រជុំជននៅពេលមានមនុស្សរស់នៅកាន់តែច្រើនឡើងៗ និងមានការអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជាសំណង់ និងវិស័យវាយណភណ្ឌកើនឡើង ប្រាកដជាធ្វើឱ្យតម្លៃដីមានការកើនឡើងមិនខាន៕

ប្រភព : Property area