ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ហិរញ្ញប្បទានជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ (MSMEs) ចំនួន ១៥៨សហគ្រាស ស្របពេលដែលការផ្តល់ជូននេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្មឲ្យកាន់តែរីកចម្រើន។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ក្នុងវេទិកាថ្នាក់ជាតិ ស្តីពី «ហិរញ្ញប្បទានសម្រាប់ធុរកិច្ច ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម» កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ ដែលមានការចូលរួមពីក្រសួង-ស្ថាប័ន និងព្រមទាំងវិស័យឯកជន។
លោកបានបន្តថា ក្នុងវិស័យអាទិភាពផ្តល់ហិរញ្ញប្បទានជូន រួមមាន៖ សហគ្រាសផលិត និងកែច្នៃម្ហូបអាហារមានប្រមាណ ៣៩%, កម្មន្តសាលផលិតទំនិញប្រើប្រាស់ ២៥% និងសហគ្រាសផ្តល់សេវាគាំទ្រក្នុងវិស័យអាទិភាពចំនួន ១៧% ដែលមានសមតុល្យឥណទានសរុប ៤៥ លានដុល្លារអាម៉េរិក។
លោកសង្កត់ធ្ងន់ថា ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្ម ជាពិសេស វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងជួបប្រទះនោះគឺកង្វះព័ត៌មានអំពីកម្មវិធីគាំទ្ររបស់រដ្ឋ និងប្រភពហិរញ្ញប្បទាន, ការខ្ចីប្រាក់មិនត្រឹមត្រូវ និងការប្រើប្រាស់ដើមទុនមិនមានប្រសិទ្ធភាព, ប្រវត្តិសងបំណុលមិនល្អ, ភាពទន់ខ្សោយក្នុងការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការលំបាកក្នុងការបំពេញលក្ខខណ្ឌខ្ចីប្រាក់ ដូចជា ទ្រព្យបញ្ចាំ, កំណត់ត្រាគណនេយ្យ និងការអនុលោមតាមបទប្បញ្ញត្តិ។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ មានដូចជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) , ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) , សាជីវកម្មធានាឥណទានកម្ពុជា (CGCC), គណៈកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មូលនិធិសហគ្រិនភាពសហគ្រិនខ្មែរ, មូលនិធិអភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងនិយ័តករមូលបត្រកម្ពុជា ដោយតាមរយៈស្ថាប័នទាំងនេះ នឹងអាចជួយដោះស្រាយបញ្ហាបានច្រើនដល់វិស័យ MSMEs ទាំងហិរញ្ញប្បទាន ទាំងបច្ចេកទេសអាជីវកម្ម ក៏ដូចជាការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងទីផ្សារ៕
ដោយ៖khmerhome