Register Already an agent ? Login

បច្ចុ​ប្បន្នបរធនបាលកិច្ចវិនិយោគលើអចលនទ្រព្យទាំង២៥ ខេត្ត-ក្រុង គឺវិនិយោគដោយវិនិយោគិនបរទេស ១០០% ដែលការរីកចម្រើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា

ភ្នំពេញ៖ មកដល់បច្ចុប្បន្នបរធនបាលកិច្ចទុនវិនិយោគទៅលើវិស័យអចលនទ្រព្យទាំង២៥ ខេត្ត-ក្រុង គឺវិនិយោគដោយវិនិយោគិនបរទេស ១០០% ខណៈដែលការរីកចម្រើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា និងបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យបរធនបាលកិច្ច ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ក្នុងកិច្ចពិភាក្សាស្តីពី៖ “គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងយន្តការបរធនបាលកិច្ច ក្នុងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគមកកម្ពុជា” នៅដើមសប្ដាហ៍នេះ នៅសណ្ឋាគារ​​សុខាភ្នំពេញ ដែលមានការចូលរួមពីក្រសួង-ស្ថាប័ន និងព្រមទាំងវិស័យឯកជន។

ពាក់ព័ន្ធទៅនឹងបរធនបាលកិច្ចវិនិយោគទៅលើវិស័យនេះដែរ, ឯកឧត្តមបានបន្តថា ក្នុងនោះមាននៅតាមបណ្តារាជធានី-ខេត្តចំនួន៦ ដែលវិនិយោគច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង ស្របពេលដែលនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណជា ២០៨លានដុល្លារសហរដ្ឋអាម៉េរិក។

ឯកឧត្តមគូសបញ្ជាក់ថា ខេត្តព្រះសីហនុ បរធនបាលកិច្ចអចលនទ្រព្យមាន ១៤៥ករណី ជាមួយនឹងទំហំទុនប្រមាណជា ១៩២លានដុល្លារសហរដ្ឋអាម៉េរិក ខណៈដែលខេត្តកណ្តាលមានការវិនិយោគទៅលើអចលនទ្រព្យរហូតដល់ ១០៣ ករណីជាមួយនឹងទំហំទុនប្រមាណជា ១២១លានដុល្លារសហរដ្ឋអាម៉េរិក ហើយបន្តទៅវនិយោគនៅខេត្តតាកែវ និងខេត្តកំពង់ឆ្នាំងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមសង្កត់ធ្ងន់ថា បរបាលធនកិច្ចទុនអចលនទ្រព្យនោះភាគច្រើនបំផុត យើងមានគម្រោងតាំងពីតូចដល់ធំ តាំងពីទំហំប្រមាណជាង ១០ម៉ឺនដុល្លារ រហូតទៅដល់ទំហំ ៤០លានដុល្លារ ឬ ៥០ លានដុល្លារក៏មានដែរ។ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស, តំបន់រោងចក្រ, សហគ្រាស, ក្រុមហ៊ុន និង សម្រាប់ធុរកិច្ចផ្សេងៗទៀតក៏មានដែរ។

ឯកឧត្តមបានបន្ថែមថា គិតមកដល់បច្ចុប្បន្ន បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន ១ ៩៧៤ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ២ ៦៧២ លានដុល្លារសហរដ្ឋអាម៉េរិក។ ក្នុងនោះ បរធនបាលកិច្ចភាគច្រើន ជាបរធនបាលកិច្ចពាណិជ្ជកម្ម ដែលបរធនបាលកិច្ចអចលនវត្ថុ និងបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាព មានកំណើនខ្ពស់ជាងគេ។

ឯកឧត្តមបានកត់សម្គាល់ឃើញថា បរធនបាលកិច្ចសេវារក្សាទុកនេះក៏កើនឡើងខ្ពស់ដែរ រហូតដល់ ៨៣៧ ករណីជាមួយនឹងទំហំបរមទុន ៩០៨លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងនោះជិត ៧០០លានដុល្លារសហរដ្ឋអាម៉េរិក គឺគ្របដណ្តប់ដោយការទិញលក់អចលនទ្រព្យសម្រាប់ជនជាតិខ្មែរ និងជនជាតិបរទេស។

ជាក់ស្តែង គិតមកដល់ឆមាសទី១ ឆ្នាំ២០២៦ បរធនបាលកិច្ចអចលនវត្ថុចំនួន ១ ០២៥ ករណី ជាមួយនឹងទំហំបរធន ៩៩៣ លានដុល្លារអាមេរិក និងបរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាពចំនួន ៨៣១ ករណី ជាមួយទំហំបរធនប្រមាណ ៨៩៦ លានដុល្លារអាមេរិក ត្រូវបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

សូមបញ្ជាក់ថា និយ័តករ​បរធន​បាល​កិច្ច ​បានផ្ដល់​អាជ្ញា​បណ្ណ ​​ឬការទទួលស្គាល់ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៨, ធនាគារពាណិជ្ជចំនួន ៣០ ជាប្រ​តិ​បត្តិករ​បរធន​បាលផ្ដល់សេវារក្សាសុវត្ថិភាព ​ឬសេវារក្សាទុក, ​បរធនបាលរូបវន្តបុគ្គលចំនួន ៧៤រូប, ​ក្រុមហ៊ុនវាយតម្លៃចំនួន ១៩ ​និង​ក្រុមហ៊ុនផ្ដល់សេវាសវនកម្មចំនួន ១៥។ ហើយគិតរហូត​មកដល់ពេលនេះ ​វិស័យបរធនបាលកិច្ចបានបង្កើត ​និង​ចុះបញ្ជីសរុប​ចំនួនជិត ២ពាន់​ករណី​ជាមួយ​នឹង​ទំហំ​បរធន​ប្រមាណជិត ២,៧​ពាន់លានដុល្លារ៕

ដោយ៖khmerhome