Register Already an agent ? Login

កម្ពុជានៅតែជាគោលដៅវិនិយោគក្រៅប្រទេសធំបំផុតលំដាប់ទី២ របស់វៀតណាម ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦

ភ្នំពេញ៖ កម្ពុជាបានបន្តរក្សាតំណែងជាគោលដៅវិនិយោគក្រៅប្រទេសធំបំផុតលំដាប់ទី២ របស់វៀតណាម ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៦ ខណៈប្រទេសឡាវនៅតែឈរនៅលំដាប់ទី១ និងឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី៣។ ទិន្នន័យនេះបង្ហាញថា កម្ពុជានៅតែជាទីផ្សារមានសក្តានុពល និងទាក់ទាញសម្រាប់អ្នកវិនិយោគវៀតណាម ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កម្ពុជា ទទួលបានទុនវិនិយោគពីវៀតណាមប្រមាណ ៤៤៩,៩លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៦។ ចំណែក ប្រទេសឡាវ នៅតែជាគោលដៅវិនិយោគធំបំផុត ដោយទាក់ទាញទុនវិនិយោគបាន ៦៣៨,៣លានដុល្លារអាម៉េរិក ស្មើនឹង ២៧% នៃទុនវិនិយោគក្រៅប្រទេសសរុបរបស់វៀតណាម ខណៈ ឥណ្ឌូណេស៊ី ទទួលបាន ៣០៨,៦លានដុល្លារអាម៉េរិក ឈរនៅលំដាប់ទី៣។

ក្រៅពីប្រទេសជិតខាង ទីផ្សារដែលស្ថិតនៅឆ្ងាយដូចជា ឥណ្ឌា ហ្វីលីពីន និងកាហ្សាក់ស្ថាន ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគវៀតណាមកាន់តែខ្លាំងផងដែរ ដែលបង្ហាញពីនិន្នាការពង្រីកវត្តមានវិនិយោគរបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ។ ជារួម ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៦ វៀតណាមបានបោះទុនវិនិយោគទៅក្រៅប្រទេសសរុប ២,៣៦ពាន់លានដុល្លារអាម៉េរិក រួមទាំងគម្រោងវិនិយោគថ្មី និងការបង្កើនទុនលើគម្រោងដែលមានស្រាប់ កើនឡើង ៤,៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ក្នុងនោះ មានគម្រោងវិនិយោគថ្មីចំនួន ១០៦គម្រោង ដែលមានទុនសរុប ១,១៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២,៩ដង ខណៈទុនបន្ថែមលើគម្រោងដែលកំពុងដំណើរការ មានទំហំ ១,១៩ពាន់លានដុល្លារអាម៉េរិក កើនឡើងរហូតដល់ ៩,២ដង។ ការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេស ភាគច្រើនផ្តោតលើវិស័យ ដឹកជញ្ជូន និងឃ្លាំងស្តុកទំនិញ, ផលិត និងចែកចាយអគ្គិសនី និងឧស្ម័ន, កសិកម្ម, ព្រមទាំងវិស័យផលិតកម្ម និងសេវាកម្មផ្សេងៗ ដែលជាវិស័យមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើននាពេលអនាគត។

កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ បានបន្តកើនឡើងជាបន្តបន្ទាប់។សូមរំលឹកថា ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅកម្រិតថ្មីមួយទៀត ដោយផ្អែកលើស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ក្នុងជំនួបនោះ សម្តេចធិបតី បានសង្កត់ធ្ងន់លើការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ រួមមានការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ–បាវិត និង ហូជីមិញ–ម៉ុកបៃ ការពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក និងការបន្ថែមជើងហោះហើរត្រង់។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានស្នើឱ្យមានការសម្រួលនីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ដែលនឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ២០ពាន់លានដុល្លារអាម៉េរិក។ ជាមួយនឹងការកើនឡើងនៃការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការសម្រួលពាណិជ្ជកម្ម ទិសដៅនេះត្រូវបានគេរំពឹងថា អាចសម្រេចបាននាពេលខាងមុខ និងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ៕

ដោយ៖khmerhome