Register Already an agent ? Login

ដើមឆ្នាំ ​២០១៨នេះ ​កំពង់ផែទេសចរណ៍កំពតនឹងចាប់ផ្តើមដំណើរការក្នុងគម្រោងជាង ​៩លានដុល្លា

កំពត៖ ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅខេត្តកំពតនឹងក្លាយជាកាតព្វកិច្ចមួយយ៉ាងសំខាន់ក្នុងការសម្រួល និងទាក់ទាញភ្ញៀវទេសចរមកពីកន្លែងផ្សេងគ្នាទៅកាន់ទីតាំងនេះដែលគម្រោងអភិវឌ្ឍនេះគឺស្ថិតនៅក្រោមកម្ចីរបស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

តាមគម្រោងការសាងសង់កំពង់ផែថ្មីនេះនឹងចាប់ផ្តើមនៅខែធ្នូ ឬដើមឆ្នាំ ២០១៨ ខាងមុខនេះបន្ទាប់ពីមានការអនុម័តពីក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ីរួចមក។ លោកបានបន្តថា៖ ជាធម្មតានៅពេលដែលមានកំពង់ផែសេដ្ឋកិច្ចមួយកើតឡើង ហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យផ្សេងៗនឹងមានការកើតរីកដុះដាលឡើងជាបន្តបន្ទាប់។

តាមរយៈការសិក្សារបស់ក្រសួង កំពង់ផែនេះនឹងបន្ថែមភ្ងៀវទេសចរមកទស្សនាខេត្តកំពតកាន់តែច្រើន ដូច្នេះហេដ្ឋារចនាសម្ព័ន្ធត្រូវតែមានសណ្តាប់ធ្នាប់ និងរៀបរយជាមុនដូចជាផ្លូវថ្នល់ ស្ពាន សេវាស្នាក់នៅ និងតម្លៃអចលនទ្រព្យដទៃទៀតក៏នឹងត្រូវកើនឡើងនៅតំបន់នេះដែរ។

តាមការព្យាកររបស់ក្រសួងចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ខេត្តកំពតមានភ្ញៀវទេសចរអន្តរជាតិចំនួន ១៦ ម៉ឺននាក់ ហើយយើងរំពឹងថាភ្ញៀវនឹងកើនឡើងច្រើនម៉ឺននាក់ (ទាំងភ្ញៀវជាតិ និងអន្តរជាតិ) បន្ទាប់ពីការសាងសង់កំពង់ផែនេះត្រូវបានបញ្ចប់។ កំពង់ផែថ្មីក្នុងខេត្តកំពតនេះនឹងសាងសង់លើដីគោកចំនួន ៤ ហិកតាដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង ១០ លានដុល្លារ ក្រោមកញ្ចប់ថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ដើមឆ្នាំ ​២០១៨នេះ ​កំពង់ផែទេសចរណ៍កំពតនឹងចាប់ផ្តើមដំណើរការក្នុងគម្រោងជាង ​៩លានដុល្លា

មុននឹងធ្វើការសិក្សាដើម្បីសាងសង់គម្រោងទី ១ នេះស្ថាប័នពាក់ព័ន្ធបានសិក្សាយ៉ាងច្បាស់លាស់ពីផលប្រយោជន៍ដែលយើងអាចទទួលបានពីនេះជាពិសេសផលប្រយោជន៍សេដ្ឋកិច្ច។ ហើយការវិនិយោគនេះនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រជាជនក្នុងស្រុកទៅតាមចំណេះ និងជំនាញ។

ចរន្តទេសចរណ៍ពិភពលោកនាបច្ចុប្បន្ននេះបានធ្វើដំណើរទៅមុខយ៉ាងលឿន ហើយប្រទេសនីមួយៗកំពុងខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីស្រូបទាញប្រយោជន៍ពីនិន្នាការនេះទាំងក្នុង និងក្រៅតំបន់។ នៅក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យុទ្ធសាស្ត្រនេះថាជាច្រកសេដ្ឋកិច្ចអន្តរជាតិដែលបង្កើនការចរាចរផ្នែកវិស័យទេសចរណ៍រវាងប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។

គួរឱ្យដឹងផងដែរថា កំពង់ផែទេសចរណ៍នេះជាកំពង់ផែទី ១ ដែលនឹងកើតមាននៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ហើយជាកំពង់ផែដែលតភ្ជាប់ចរន្តសេដ្ឋកិច្ចក្នុងតំបន់។ កំណើននៃភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងខ្លាំង ដូច្នេះការត្រៀមខ្លួនអភិវឌ្ឍនៅក្នុងតំបន់ជារឿងសំខាន់ចម្បង ដោយពេលនេះមានគម្រោងវិនិយោគច្រើនដូចជាប្រព័ន្ធភ្លើង ទឹក ផ្លូវវាងក្រុង ស្ពាន និងសំណង់អគារផ្សេងៗ។ ទោះជាសព្វថ្ងៃនេះនៅខេត្តកំពតមានសេវាសណ្ឋាគារ ផ្ទះសំណាក់ បាងហ្គាឡូ ប៉ុន្តែនៅមិនទាន់មានសណ្ឋាគារកម្រិតផ្កាយប្រណីត សំណង់អគារខ្ពស់ៗដែលជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវទេសចរក្នុងពេលខាងមុខនៅឡើយទេ ។

តាមរយៈមន្រី្តនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលបានឆ្លើយតបតាមប្រព័ន្ធអ៊ីម៉ែលបានឲ្យដឹងថាគម្រោងនេះស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project) នឹងផ្តល់ហិរញ្ញវត្ថុដល់ក្រសួងទេសចរណ៍ដើម្បីសាងសង់កំពង់ផែទេសចរណ៍មួយនៅខេត្តកំពត។ ការរចនាប្លង់មេនៃគម្រោងនេះត្រូវបានរៀបចំឡើងដោយក្រសួង ទេសចរណ៍ និងជំនួយការបច្ចេកទេសពី ADB។ គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់ដើមឆ្នាំ ២០១៨ ដែលនឹងត្រូវចំណាយពេល ២ ឆ្នាំកន្លះស្ថិតក្នុងកម្ចីថវិកាប្រមាណ ៩ លានដុល្លារ។

គួរបញ្ជាក់ដែរថាគម្រោងសាងសង់កំពង់ផែទេសចរណ៍នេះស្ថិតនៅលើទីតាំងភូមិសាស្ត្រឃុំជំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយ ៦ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយទឹកនៅតំបន់នោះមានជម្រៅ ៥ ទៅ ៦ ម៉ែត្រ ដែលអាចចេញចូលទូកដឹកភ្ញៀវបានមិនមែនជាប្រភេទកប៉ាល់ធំៗទេ៕

ប្រភព៖ Post Khmer

ដើមឆ្នាំ ​២០១៨នេះ ​កំពង់ផែទេសចរណ៍កំពតនឹងចាប់ផ្តើមដំណើរការក្នុងគម្រោងជាង ​៩លានដុល្លា