Register Already an agent ? Login

រដ្ឋាភិបាលកំពុងតែមានគម្រោងសាងសង់ទីក្រុងថ្មី «នាគរាជសម្តេចតេជោ» ដោយរកដៃគូសហការវិនិយោគ

ភ្នំពេញ៖ នៅពេលថ្មីៗនេះរដ្ឋាភិបាលបាននឹងកំពុងតែស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជននានា ដើម្បីចាប់ដៃគ្នាសាងសង់ទីក្រុងដ៏ថ្មីមួយ ដែលគ្រោងដាក់ឈ្មោះថា «ទីក្រុងនាគរាជសម្តេចតេជោ» ស្ថិតនៅប្រជុំរវាងទន្លេសាប និងទន្លេមេគង្គ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងស្វែងរកដៃគូវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយដែលមានទំហំផ្ទៃដីពី ២ ទៅ ៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគដល់ទៅ ៨០ពាន់លានដុល្លារអាមេរិកឯណោះ។ ចំពោះលទ្ធផល រហូតមកទល់ពេលនេះមានក្រុមហ៊ុនវិនិយោគចិនចំនួន ៣ ដែលបានចាប់អារម្មណ៍លើគម្រោងនេះ តែមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ដោយសារតែក្រុមអ្នកវិនិយោគទាំងនោះមិនទាន់បោះទុនជាទឹកប្រាក់មក។ ការសាងសង់ទីក្រុងថ្មីនេះ នឹងដំណើរការនៅពេលណាមានថវិកា ព្រោះរដ្ឋាភិបាលមិនចង់ចំណាយទឹកប្រាក់ច្រើនបែបនេះទេ ទើបបានជាប្រឹងប្រែងស្វែងរកការសហការពីអ្នកវិនិយោគនានាបែបនេះ។  

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបន្តថា៖ រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនធ្លាប់កសាងទីក្រុងថ្មីទេ ហេតុនេះទើបរដ្ឋាភិបាលនឹងសាងសង់ទីក្រុងថ្មីនេះដោយដាក់ឈ្មោះទីក្រុងនាគរាជសម្តេចតេជោ ដែលត្រូវនឹងឆ្នាំកំណើតរបស់សម្តេច ដែលអគារក្នុងទីក្រុងនេះនឹងរចនាដូចរូបនាគផុសចេញពីដី ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី ផ្លូវគោក និងផ្លូវទឹក រួចរាល់ក្នុងប្លង់មេរួចហើយ ដោយធានាថា មិនមានបញ្ហាចរាចរណ៍បានរយៈពេល ៥០០ឆ្នាំទៅមុខទៀត។ សំណង់ទីក្រុងនេះនឹងមានលក្ខណៈទំនើប តាមរចនាប័ទ្មខ្មែរទំនើប ដើម្បីរក្សាអត្តសញ្ញាណជាតិ។

តាមគម្រោង ទីក្រុងថ្មីនេះអាចនឹងចំណាយរយៈពេលជាង១០ឆ្នាំក្នុងការសាងសង់ ប្រសិនជាមានថវិកាគ្រប់គ្រាន់ ហើយប្លង់មេរបស់ទីក្រុងនេះបានរៀបចំរួចរាល់ហើយ។ ទោះជាយ៉ាងណា ចំពោះគម្រោងនេះស្ថិតនៅកន្លែងណាឱ្យពិតប្រាកដ នៅមិនទាន់អាចប្រកាសបាននោះទេនៅពេលនេះ៕

ប្រភព៖ Post Khmer