ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥,៤៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារប្រមាណ ២០ម៉ឺនកន្លែង។
ទុនវិនិយោគភាគច្រើនត្រូវបានផ្តោតលើវិស័យឧស្សាហកម្ម ដែលមានទំហំប្រមាណ ២,៩៤ពាន់លានដុល្លារអាម៉េរិក បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ មានប្រមាណ ២,០២ពាន់លានដុល្លារអាម៉េរិក វិស័យទេសចរណ៍ប្រមាណ ៣០០លានដុល្លារអាម៉េរិក និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មប្រមាណ ១៧៨លានដុល្លារអាម៉េរិក។
លើសពីនេះ កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់វិនិយោគិន ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា, បញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, ភាពតានតឹងភូមសាស្ត្រនយោបាយ, គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក និងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដោយ។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តោតលើការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការដាក់ចេញគោលនយោបាយវិនិយោគដែលមានភាពអំណោយផល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់បរិយាកាសធុរកិច្ច។ កត្តាទាំងនេះ រួមជាមួយទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់កម្ពុជា នៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឱ្យកម្ពុជានៅតែជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម រួមមាន ការផលិតសម្លៀកបំពាក់ និងស្បែកជើង ការផលិតគ្រឿងបង្គុំយានយន្ត បរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ព្រមទាំងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីកម្ពុជា ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរបរទេសផងដែរ។ សម្រាប់ប្រភពទុនវិនិយោគសំខាន់ៗ រួមមាន អ្នកវិនិយោគក្នុងស្រុក ចិន សិង្ហបុរី ម៉ាឡេស៊ី ហូឡង់ និងកោះ British Virgin ជាដើម៕
ដោយ៖khmerhome