Register Already an agent ? Login

ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា ចុះ MoU សហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ នៅខែវិច្ឆិកា ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខារវាង ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និងលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបង្កើតឱកាសសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និងតំបន់។

មុនពេលពិធីចុះហត្ថលេខា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) ដឹកនាំដោយលោក Julien Bert អនុប្រធាន CCIFC ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញបរិយាកាសធុរកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រឹងទំនុកចិត្តរបស់ធុរជននៃប្រទេសទាំងពីរ ជាពិសេសធុរជន និងក្រុមហ៊ុនអន្តរជាតិសំខាន់ៗរបស់បារាំង ដែលកំពុងមានប្រតិបត្តិការ ឬមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។

ជាមួយគ្នានេះ វេទិកានឹងជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិន និងធុរជន ឱ្យសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល ភាពទាក់ទាញ និងកាលានុវត្តភាពធុរកិច្ចដែលកម្ពុជាអាចផ្តល់ជូន។

វេទិកានេះក៏នឹងបង្ហាញអំពីបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ច្បាប់ និងគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យសំខាន់ៗ ដូចជា បច្ចេកវិទ្យា ថាមពលស្អាត កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។

នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានរំលេចពីការបន្តខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់យន្តការសន្ទនារវាងក្រសួងពាណិជ្ជកម្ម និងសហគមន៍ធុរកិច្ចបារាំង។

កិច្ចសហការជិតស្និទ្ធនេះ ត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងជួយពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច និងទាក់ទាញក្រុមហ៊ុនបារាំងថ្មីៗបន្ថែមទៀត ឱ្យមកបណ្តាក់ទុន និងទាញយកកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះ កិច្ចសហប្រតិបត្តិការនឹងរួមចំណែកទាក់ទាញបច្ចេកវិទ្យា ចំណេះដឹង និងស្តង់ដារប្រតិបត្តិការកម្រិតខ្ពស់ មកពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។ តាមការគ្រោងទុក ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ៕

ដោយ៖khmerhome