Register Already an agent ? Login

រយៈពេល ១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសម្ធិផលដ៏ល្អក្នុងការពង្រីកការតភ្ជាប់អន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល ១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានក្លាយជាច្រកចេញចូលផ្លូវអាកាសអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការដោយរលូន ពង្រីកការតភ្ជាប់អន្តរជាតិ និងពង្រឹងសមត្ថភាពប្រតិបត្តិការ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ អាកាសយានដ្ឋាននេះ បានទទួលអ្នកដំណើរប្រមាណ ២,៤លាននាក់។

ឯកឧត្តមបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងក្នុងឱកាសគម្រប់ខួប១ឆ្នាំ នៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមក អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយជើងហោះហើរដំបូងត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៦០០ហិកតា ដោយមានទុនវិនិយោគប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋានកម្រិត ICAO Code 4F ដែលអាចទទួលយន្តហោះខ្នាតធំ។ ដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរ ១៣-១៥លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកដល់ ៣០លាននាក់ និង៥០លាននាក់តាមដំណាក់កាល។

ក្នុងឆ្នាំដំបូង អាកាសយានដ្ឋានអន្តរជាតិតេជោ បានពង្រីកការតភ្ជាប់ជាមួយទីក្រុងអន្តរជាតិ តាមរយៈជើងហោះហើររបស់ Etihad Airways ទៅ Abu Dhabi និង Turkish Airlines ទៅ Istanbul ព្រមទាំងការពង្រីកបណ្តាញរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានបង្ហាញសមត្ថភាពគ្រប់គ្រងស្ថានការណ៍បន្ទាន់ ដោយទទួលចតបណ្តោះអាសន្នយន្តហោះ Cathay Pacific ចំនួន ១៣គ្រឿង ក្នុងអំឡុងព្យុះទីហ្វុង Ragasa។

ជំហានបន្ទាប់ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ពង្រឹងភស្តុភារ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងសមាហរណកម្មជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។ ស្ថានីយទំនិញថ្មី និងស្ថានីយ VVIP ក៏គ្រោងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា៖ «សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹមតែការបើកអាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតដោយជោគជ័យនូវច្រកចេញចូលតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជំហានបន្ទាប់ គឺប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន»៕

ដោយ៖khmerhome