Register Already an agent ? Login

អគារធំៗ៣ចម្រុះគ្នាកំពុងសាងសង់នៅតំបន់អង់តែនទួលគោក

ភ្នំពេញ៖ បណ្តុំអគារពហុមុខងារកម្ពស់៣៥ជាន់ថ្មីមួយ នឹងផុសឡើងខ្ពស់នៅក្នុងតំបន់ទួលគោក ត្រង់ម្តុំខាងកើតអង់តែនទូរទស្សន៍ជាតិ ដែលខណៈពេលបច្ចុប្បន្នផ្នែកគ្រឹះខាងក្រោមដីទាំងអស់របស់គម្រោងនេះត្រូវបានស្ថាបនារួចរាល់អស់ហើយ និងកំពុងចាប់ផ្តើមដំណើរការសាងសង់ចំណតក្រោមដីចំនួនពីរជាន់ជាមុន ដើម្បីឈានទៅបញ្ចប់ការដ្ឋានក្រោម នៅដំណាច់ឆ្នាំនេះ ។ គម្រោងនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលស្ថិតក្នុងតួលេខវិនិយោគចាប់ពីរយលានដុល្លារឡើងទៅ ។

គម្រោងនេះនឹងជាបណ្តុំសហគមន៍ចម្រុះថ្មីមួយនៅតំបន់ទួលគោក មានអគារធំៗបី ក្នុងនោះអគារទី១ កម្ពស់ ៣៥ជាន់, ទី២ កម្ពស់ ២៨ជាន់ និងទី៣ កម្ពស់២៦ជាន់ នឹងធ្វើឱ្យទីនោះក្លាយជាតំបន់រស់នៅ ផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត រួមទាំងរោងភាពយន្ត និងកន្លែងសម្រាកលម្ហែផងដែរ។ ហើយការស្ថាបនានឹងធ្វើឱ្យទីនេះក្លាយជាសហគមន៍បៃតងនៅក្នុងទីក្រុងភ្នំពេញ ព្រោះនៅលើផ្ទៃដីមួយភាគធំ ត្រូវបានរក្សាទុកជាសួនច្បារសាធារណៈរីឯរៀងរាល់សំណង់ ២ជាន់ឡើងលើនឹងមាន ទីកន្លែងបៃតងមួយផ្នែកសម្រាប់សាធារណជន។

បច្ចុប្បន្នតំបន់គម្រោង Parkway កំពុងសាងសង់នោះ ក៏មានភាពទាក់ទាញខ្លាំងដោយសារតែអ្នករស់នៅតំបន់ទួលគោកភាគច្រើនជាអ្នកមានជីវភាពធូធារ រួមទាំងមានក្រុមជនជាតិចិនមួយចំនួនក៏និយមរស់នៅតំបន់នោះដែរ ដូច្នេះទៅថ្ងៃអនាគតនៅពេលដែលតំបន់ភ្នំពេញស៊ីធីសេនធ័រ (អតីតបឹងកក់) មានការអភិវឌ្ឍរីកចម្រើន វាក៏នឹងជះឥទ្ធិពលល្អដល់ទីនោះថែមទៀតដែរ។

គួរបញ្ជាក់ផងដែរថាឆ្នាំនេះកាលដើមខែមិថុនាកន្លងទៅថ្មីៗនេះនៅកម្ពុជា មានការរៀបចំបោះឆ្នោតឃុំ-សង្កាត់។ ថ្វីបើតាមធម្មតាការបោះឆ្នោតមុនៗធ្វើឱ្យតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ ឬក៏ មានសភាពទ្រឹងមែន ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៧នេះ តម្លៃដី និងអចលនទ្រព្យនានានៅថេរដដែល និងមានតែកើនឡើងថ្លៃផង គ្មានការធ្លាក់ចុះខ្លាំងដូចកាលពីបោះឆ្នោតមុនៗទេ៕

ប្រភព៖ Post Khmer