Register Already an agent ? Login

ADB ក្រើនរំលឹកថា ការកើនឡើងនៃឥណទានមិនដំណើរការ អាចរារាំងកំណើនឥណទាន និងសកម្មភាពសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានក្រើនរំលឹកថា ការកើនឡើងនៃឥណទានមិនដំណើរការ អាចរារាំងកំណើនឥណទាន និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យទេសចរណ៍ នៅបន្តភាពទន់ខ្សោយ ដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់។ ការក្រើនរំលឹកនេះ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់ ADB ដែលបានពិនិត្យលើស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

យោងតាមរបាយការណ៍ ADB ខាងលើមានន័យថា ការកើនឡើងនៃឥណទានមិនដំណើរការ អាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមានភាពប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការផ្តល់ឥណទានថ្មី ដែលអាចរារាំងកំណើនឥណទាន និងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ ADB បានបញ្ជាក់ថា សន្ទុះនៃលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) បានជួយគាំទ្រដល់ការរក្សាទុនបម្រុងអន្តរជាតិរបស់កម្ពុជាឱ្យស្ថិតក្នុងកម្រិតខ្ពស់។ ទុនបម្រុងនេះ អាចគ្របដណ្តប់ការនាំចូលបានប្រមាណ ៧ខែ ដែលផ្តល់ជាបង្អែកសុវត្ថិភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា ក្នុងការទប់ទល់នឹងហានិភ័យពីខាងក្រៅ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ អនុបាតឥណទានមិនដំណើរការ (NPL) របស់ប្រព័ន្ធធនាគារ បានកើនឡើងបន្តិច ដល់ ៩,៦% បើធៀបនឹង ៨,៤% នៅឆមាសទី១ ឆ្នាំ២០២៥។ ទោះជាយ៉ាងណា អនុបាតឥណទានមិនដំណើរការសុទ្ធ មានកម្រិតត្រឹម ៣,៣% ខណៈអនុបាតសំវិធានធនធៀបនឹងឥណទានមិនដំណើរការ មានកម្រិត ៦៧,៦%។

តាមធនាគារជាតិនៃកម្ពុជា ទិន្នន័យទាំងនេះបង្ហាញពីលទ្ធភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការទប់ទល់នឹងហានិភ័យឥណទាន។ ទន្ទឹមនឹងនេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានប្រមាណ ២៥,៣ពាន់លានដុល្លារអាមេរិក ថយចុះ ៨,១% បើធៀបនឹងចុងឆ្នាំ២០២៥។ ទំហំទុនបម្រុងនេះ អាចគ្របគ្រងការនាំចូលទំនិញ និងសេវាសម្រាប់ប្រមាណ ៨ខែ ដែលខ្ពស់ជាងកម្រិតស្តង់ដារប្រមាណ ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ជារួម ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់ ទោះបីកំពុងប្រឈមនឹងបរិយាកាសសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកត្តាខាងក្រៅ និងកត្តាក្នុងស្រុកក៏ដោយ។ ធនាគារជាតិនៃកម្ពុជា សង្កត់ធ្ងន់ថា កំណើនទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅតែឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់វិស័យធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈដើមទុន និងសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងតម្រូវការបទប្បញ្ញត្តិ។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ការកើនឡើងនៃឥណទានមិនដំណើរការ ការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ ហានិភ័យពីការប្រែប្រួលអាកាសធាតុ ព្រមទាំងហានិភ័យថ្មីៗ ដូចជា ហានិភ័យសន្តិសុខសាយប័រ និងបញ្ហាប្រឈមមួយចំនួនទៀត គឺជាកត្តាដែលត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ត្រូវបានដាក់ឱ្យជម្រះបញ្ជី និងអភិបាលកិច្ចជាបណ្តោះអាសន្ន ដោយសារមិនបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ធនាគារជាតិនៃកម្ពុជា បានអះអាងថា ខ្លួនបានបន្តពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ តាមរយៈការពង្រឹងការតាមដាន និងវាយតម្លៃហានិភ័យ ការធ្វើតេស្តស្ត្រេស ការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនអនាគត ព្រមទាំងការដាក់ឱ្យអនុវត្តបទប្បញ្ញត្តិបុរេសកម្ម។ ជាមួយនេះ ក៏មានការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់កិច្ចការពារអតិថិជន និងការដាក់ចេញវិធានការផ្សេងៗ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។

តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ប្រព័ន្ធធនាគារនៅកម្ពុជា បានផ្តល់ឥណទានអតិថិជន បានកើនឡើង ៤,៦% ដល់ ២៥៦,៧ទ្រីលានរៀល ឬប្រមាណ ៦៤,២ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើរបស់អតិថិជន ក៏បានកើនឡើង ៤,៤% ដល់ ២៥៧,៤ទ្រីលានរៀល ឬប្រមាណ ៦៤,៤ពាន់លានដុល្លារអាមេរិក។

ឥណទានភាគច្រើន ត្រូវបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះ វិស័យអចលនទ្រព្យ ទទួលបានចំណែកខ្ពស់ជាងគេ បន្ទាប់មក អាជីវកម្មលក់រាយ, សកម្មភាពគ្រួសារ និងសេវាកម្មផ្សេងៗ, វិស័យសំណង់, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាជីវកម្មលក់ដុំ និងវិស័យផ្សេងៗទៀត។

តួលេខទាំងនេះបង្ហាញថា ទោះបីប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់ និងមានដើមទុន ព្រមទាំងសន្ទនីយភាពគ្រប់គ្រាន់ក៏ដោយ ការកើនឡើងនៃឥណទានមិនដំណើរការ និងការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងការថមថយនៃវិស័យទេសចរណ៍ នៅតែជាបញ្ហាដែលត្រូវបន្តតាមដាន ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖khmerhome