Register Already an agent ? Login

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រគំរូថ្មី ប្រភេទ ៥០០០០រៀល (៥ម៉ឺន) និង ១០០០០០រៀល (១០ម៉ឺន) ដើម្បីដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយធនប័ត្រជាតិប្រភេទផ្សេងទៀត ដែលកំពុងចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ធនប័ត្រ ៥០០០០រៀល (៥ម៉ឺន) គំរូថ្មី ត្រូវបានចេញផ្សាយអនុលោមតាមអនុក្រឹត្យលេខ ២០៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ ធនប័ត្រនេះមានទំហំបណ្តោយ ១៥៥មីលីម៉ែត្រ និងទទឹង ៧២មីលីម៉ែត្រ ដោយមានពណ៌ចម្បងស្លាទុំ និងត្នោត។

ផ្នែកខាងមុខ មានព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ រូបចម្លាក់នាគក្បាល៧ និងបន្ទះ Hologram ព្រមទាំងនិមិត្តសញ្ញាសម្រាប់ជនពិការភ្នែក និងខ្សែសុវត្ថិភាព។ ចំណែក ផ្នែកខាងខ្នង មានរូបប្រាសាទបាគង និងរូបកូនដំរី ដែលយកគំរូតាមចម្លាក់នៅប្រាសាទកោះកេរ។

ដោយឡែក ធនប័ត្រ ១០០០០០រៀល (១០ម៉ឺន) គំរូថ្មី ត្រូវបានចេញផ្សាយអនុលោមតាមអនុក្រឹត្យលេខ ២០៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ ទំហំធនប័ត្រនេះ មានបណ្តោយ ១៧០មីលីម៉ែត្រ និងទទឹងគុណ ៧៥មីលីម៉ែត្រ និងមានពណ៌ចម្បងបៃតង និងប្រផេះ។

ធនប័ត្រ ១០០០០០ រៀលថ្មី មានព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងបន្ទះ Hologram និងនិមិត្តសញ្ញាសម្រាប់ជនពិការភ្នែក។ ផ្ទៃខាងខ្នងមានព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងរូបស្ដេចគ្រុឌ ដែលយកគំរូតាមចម្លាក់នៅប្រាសាទព្រះខ័ន។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យសាធារណជនពិនិត្យ និងសម្គាល់លក្ខណៈធនប័ត្រគំរូថ្មីទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភាន់ច្រឡំ៕

ដោយ៖khmerhome