ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៥លាននាក់ ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០២៦ ធ្លាក់ចុះ ៤៤,៤% ខណៈទេសចរក្នុងស្រុកបែរជាបន្តកើនឡើងយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទីផ្សារភ្ញៀវទេសចរអន្តរជាតិសំខាន់ៗ ទាំង៥ ក្នុងរយៈពេលនេះ រួមមាន ចិន ជាង ៥៨ម៉ឺននាក់ ធ្លាក់ចុះ ២៥,១% វៀតណាមជាង ៥៨ម៉ឺននាក់ ធ្លាក់ចុះ ២៧,៦% សហរដ្ឋអាម៉េរិកជាង ១២,៩ម៉ឺននាក់ ធ្លាក់ចុះ ៧,៣% បារាំងប្រមាណ ៧,៩ម៉ឺននាក់ ធ្លាក់ចុះ ១៥,៥% និង ចក្រភពព្រីតថេនជាង ៧,៧ម៉ឺននាក់ ធ្លាក់ចុះ ១៤,២%។
ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្ពុជាតាមផ្លូវអាកាសមានប្រមាណ ១,៤១លាននាក់ ធ្លាក់ចុះ ២៤,៩% ខណៈការមកតាមផ្លូវគោកមានជាង ៧៨ម៉ឺននាក់ ធ្លាក់ចុះ ៦២,៩% និងតាមផ្លូវទឹកមានប្រមាណ ៥,៧ម៉ឺននាក់ កើនឡើង ៥,១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា ការធ្លាក់ចុះនៃវិស័យទេសចរណ៍បណ្តាលមកពីកត្តាជាច្រើន រួមមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក សង្គ្រាមនៅមជ្ឈិមបូព៌ា ការបិទព្រំដែនផ្លូវគោករវាងកម្ពុជា-ថៃ ព្រមទាំងព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិន។ ផ្ទុយពីការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ ទេសចរណ៍ក្នុងស្រុកបន្តបង្ហាញភាពរឹងមាំ ដោយក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងប្រទេស បានកើនឡើងដល់ប្រមាណ ២៥,៦៦លាននាក់ កើន ៤៨,៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។
និន្នាការនេះបង្ហាញថា តម្រូវការទេសចរណ៍ក្នុងស្រុកនៅតែមានសន្ទុះ និងអាចជួយទ្រទ្រង់សកម្មភាពអាជីវកម្មក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធ។ វិស័យទេសចរណ៍នៅតែជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ២០២៥ ចំណូលពីទេសចរណ៍អន្តរជាតិមានប្រមាណ ៣,៨៧ពាន់លានដុល្លារអាម៉េរិក ស្មើប្រមាណ ៩,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈវិស័យនេះផ្តល់ការងារដោយផ្ទាល់ប្រមាណ ៤២ម៉ឺននាក់។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ បាននិងកំពុងដាក់ចេញវិធានការនានា ដើម្បីស្តារ និងជំរុញវិស័យទេសចរណ៍ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ទេសចរណ៍ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងសុវត្ថិភាព និងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ទីផ្សារសក្តានុពលជុំវិញពិភពលោក៕
ដោយ៖khmerhome