ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យការងារចំនួន ៣ រួមមាន៖ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥», «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២៦-២០៣៥» និង «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥» ។
កិច្ចប្រជុំនេះនាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្ដល់អាទិភាពទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ គួបផ្សំនឹងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច បានចង្អុលបង្ហាញឱ្យមានការរៀបចំ «សេចក្តីព្រាងគោលនយោបាយ» ទាំងបីខាងលើ សំដៅធ្វើបច្ចុប្បន្នភាពទៅលើឯកសារគោលនយោបាយដំណាក់កាលមុនដែលបានបញ្ចប់ហើយ ក៏ដូចជាតម្រង់ទិសគោលនយោបាយក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការងារនៅកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ ។
សេចក្ដីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងដោយក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានចក្ខុវិស័យក្នុង «ការធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងលើកកម្ពស់ការតភ្ជាប់ និងសមត្ថភាពឧស្សាហកម្មក្នុងស្រុក» ។
លើសពីនេះ «សេចក្តីព្រាងគោលនយោបាយ» នេះ ក៏បានកំណត់គោលបំណងចំនួន ៤ រួមមាន៖ ១)-បង្កើនការវិនិយោគដែលមានគុណភាព និងបង្កើតការងារដែលមានជំនាញ, បច្ចេកវិទ្យា, ផលិតភាពខ្ពស់ជាងមុខ និងប្រាក់ចំណូលប្រសើរ; ២)-រក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅនូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង; ៣)-កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាពនៃវិស័យឧស្សាហកម្មផ្សេងៗទៀត; និង ៤)-តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធឱ្យមានភាពត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគត, មានភាពធន់នឹងបរិស្ថាន និងការគ្រប់គ្រងផលប៉ះពាល់បរិស្ថានឧស្សាហកម្ម ។
សេចក្តីព្រាង «គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥» និងសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥» រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ សេចក្តីព្រាង «គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥» មានចក្ខុវិស័យ «កសាងកម្លាំងពលកម្មដែលមានជំនាញ សម្បទាការងារ សម្បទានៃភាពបត់បែន ដោយឆ្លើយតបទៅនឹងការប្រែប្រួលតម្រូវការទីផ្សារការងារប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីបង្កើនផលិតភាពការងារ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូល» ។
ជាមួយគ្នានេះ «សេចក្តីព្រាងគោលនយោបាយ» នេះ បានកំណត់គោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធីវេត (TVET) ឱ្យមានគុណភាព ភាពឆ្លើយតប បរិយាបន្ន និងការតម្រង់ទិសទៅអនាគតតាមរយៈការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋគ្រប់រូបពេញមួយជីវិត ស្របតាមបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងតម្រូវការសេដ្ឋកិច្ចសង្គម ក្នុងបរិបទនៃការប្រែប្រួលទីផ្សារការងារ ។
ដោយឡែក, សេចក្តីព្រាង «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥» មានចក្ខុវិស័យ «កសាង និងអភិវឌ្ឍទីផ្សារការងារកម្ពុជា ដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានមុខរបរ ដែលមានប្រាក់ចំណូលខ្ពស់ជាងមុន និងការងារកាន់តែ សមរម្យ» ។ «សេចក្តីព្រាងគោលនយោបាយ» នេះ មានគោលបំណងបង្កើតមុខរបរដែលមានប្រាក់ចំណូលកាន់តែខ្ពស់ និងបង្កើនឱកាសការងារសមរម្យ ដោយផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ។
សូមជម្រាបថា «សេចក្តីព្រាងគោលនយោបាយ» ទាំងបីខាងលើនេះ ត្រូវបានរៀបចំដោយឆ្លងកាត់ការសិក្សាយ៉ាងល្អិតល្អន់ និងការពិគ្រោះយោបល់ជាបន្ដបន្ទាប់ ជាមួយក្រសួងស្ថាប័ន តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីធានាបានថា គោលនយោបាយទាំងនេះ អាចចូលរួមអនុវត្តបានដោយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសស្ថាប័នទទួលបន្ទុកអនុវត្តផ្ទាល់ ៕
ដោយ៖khmerhome