ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា បានលើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាទំនាក់ទំនងឈានរកការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ជំរុញលើការកែច្នៃកសិផល ការអភិវឌ្ឍន៍ភស្តុភារកម្មត្រជាក់ ការបង្កើតកញ្ចប់ហិរញ្ញវត្ថុដែលមានភាពបត់បែន កម្ចីការប្រាក់ទាបឆ្លើយតបនឹងបរិបទជាក់ស្តែង ការពង្រឹងខ្សែច្រវាក់តម្លៃ ការតភ្ជាប់ទីផ្សារ និងជំរុញកសិករចងក្រងជាសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្ថប្រយោជន៍ជាច្រើន។
ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ។ថ្លែងក្នងពិធីបិទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការលះបង់ពេលវេលារបស់ក្រុមការងារ CAFE26 ជាពិសេសកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ និងបងប្អូនអ្នកចូលរួម ដែលធ្វើឲ្យកម្មវិធីនេះទទួលបានជោគជ័យ និងរលូនគួរជាទីមោទកភាព។
បើតាមឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា វេទិកា (CAFE26) ជាវេទិកាដ៏រស់រវើក និងការតាំងពិព័រណ៍ផលិតផលដ៏សម្បូរបែប ជាពិសេសការចូលរួមយ៉ាងច្រើនកុះករ ដែលបង្ហាញពីស្មារតីសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួបជុំរវាងរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ចជន វិនិយោគិនជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកផលិត សហគមន៍កសិកម្ម និងកសិករ ផ្សាភ្ជាប់ទំនាក់ទំនង ការកសាងភាពជាដៃគូយូរអង្វែង ការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិស្បៀងអាហារ ការផ្គូផ្គងអាជីវកម្ម ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលជាទិសដៅនៃកម្មវិធីនាពេលនេះ សំដៅប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យដើរទៅមុខប្រកបដោយភាពស្វាហាប់ ការបង្កើតបរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីកសិកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងវិស័យកសិកម្មកម្ពុជា ដែលជាកត្តាសំខាន់និងនាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងការស្វែងរកឱកាសសម្រាប់កសិករ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្មនិងទំនើបកម្មកសិកម្ម សហគ្រិនភាព និងការបង្កើនតម្លៃបន្ថែម សំដៅធានាបានសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។សូមជម្រាបថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) រយៈពេល ៣ថ្ងៃត្រូវបានបិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣ម៉ឺន ៥ពាន់នាក់ ពោលគឺច្រើនជាង CAFE25 ដែលមានអ្នកទស្សនាត្រឹមតែជាង ២ម៉ឺន ៥ពាន់នាក់។៕
ដោយ៖khmerhome