Register Already an agent ? Login

គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ដំណើរការការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកា ចំនួន ១១​ ទីតាំងព្រមៗគ្នា

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ដំណើរការការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាចំនួន ១១​ ទីតាំងព្រមៗគ្នា ដែលជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាការបោះជំហានដ៏សំខាន់​​មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវ​ទឹក និងផ្លូវសមុទ្រ ខណៈដែលរដ្ឋបាលខេត្តកំពុងតែធ្វើការដោះស្រាយបញ្ហាផលប៉ះពាល់ខ្លះៗពីគម្រោងនេះ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងកម្មវិធីក្តីសុបិនហ្វូណន វេទិកបាឋកថាអន្តរជាតិ ដែលត្រូវបានរៀបចំដោយរដ្ឋបាលខេត្តតាកែវ និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ នាសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីបង្ហាញជូនមហាជន និងសិស្សានុសិស្សាឲ្យបានយល់ច្បាស់ពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលនឹងទទួលបានពីគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។

ឯកឧត្តមបន្តថា ការផ្សាភ្ជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ រូបឯកឧត្តមបានទៅប្រទេសចិនច្រើនដង ដើម្បីបង្ហាញពីសក្ដានុពលរបស់ពីខេត្តតាកែវ ប្រាប់ដល់អ្នកវិនិយោគចិនដែលមិនធ្លាប់មកកម្ពុជា ស្របពេលដែលបច្ចុប្បន្នមានរោងចក្រ-សហគ្រាសជាង ១ពាន់កន្លែង ភាគច្រើនរោងកាត់ដេរសម្លៀកបំពាក់គឺច្រើនជាង កំពុងមកដាក់ទុនវិនិយោគនៅក្នុងខេត្តតាកែវ ខណៈបច្ចុប្បន្នមានកម្មករជិត ១៨ម៉ឺននាក់ កំពុងបម្រើការងារក្នុងរោងចក្រសហគ្រាស។ឯកឧត្តមគូសបញ្ជាក់ថា នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានា ដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។លើសពីនេះ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ បានបើកការដ្ឋានសាងសង់ក្នុងដំណាក់កាលទី២ នៅថ្ងៃទី១១ ខែមេសា ២០២៦ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីកម្ពុជា ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវា ដែលមានទម្ងន់ផ្ទុករហូតដល់ ៣ពាន់តោនទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព៕

ដោយ៖khmerhome