Register Already an agent ? Login

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ ដោយរឹតបន្តឹងការយកដីរដ្ឋ ដីការពារ ដីសហគមន៍ និងហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណធ្វើជាទ្រព្យធានា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ ដោយរឹតបន្តឹងការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ធ្វើជាទ្រព្យធានាសម្រាប់កម្ចីថ្មី ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងបង្កើនការវាយតម្លៃសមត្ថភាពសងប្រាក់របស់គ្រួសារដែលមានប្រាក់ចំណូលទាប ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងពង្រឹងការការពារអ្នកខ្ចីដែលងាយរងគ្រោះ។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមាគមទាំងពីរបានបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងធានាថា ការផ្តល់កម្ចីមានការវាយតម្លៃសមស្របទៅនឹងសមត្ថភាពបង់សងរបស់អ្នកខ្ចី ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលទាប និងប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុ។ វិធានការទាំងនេះត្រូវបានលើកឡើងក្នុងបរិបទដែលបញ្ហាបំណុលគ្រួសារ និងកិច្ចការពារអ្នកខ្ចីប្រាក់កំពុងទទួលបានការយកចិត្តទុកដាក់។

សមាគមទាំងពីរទទួលស្គាល់ថា ទោះបីជាសេវាហិរញ្ញវត្ថុផ្លូវការបានរួមចំណែកគាំទ្រជីវភាពរស់នៅ និងសកម្មភាពអាជីវកម្មក៏ដោយ ក៏អ្នកខ្ចីប្រាក់មួយចំនួននៅតែជួបការលំបាកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងសងបំណុល ក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈម។ក្រៅពីការការពារទ្រព្យសម្បត្តិ និងអត្តសញ្ញាណរបស់អ្នកខ្ចី សមាគមក៏បានលើកឡើងពីភាពចាំបាច់នៃការវាយតម្លៃសមត្ថភាពបង់សងប្រាក់ ផ្គូផ្គងទំហំឥណទានទៅនឹងតម្រូវការរបស់អតិថិជន និងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលលើសលប់។

ជាមួយគ្នានេះ ការបង្កើនតម្លាភាពនៃលក្ខខណ្ឌកម្ចី និងការអនុវត្តដោយយុត្តិធម៌ ក៏ជាចំណុចសំខាន់ក្នុងការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។សមាគមបានសង្កត់ធ្ងន់ថា ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ត្រូវដើរទន្ទឹមនឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ការការពារអ្នកខ្ចី និងការស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់អ្នកដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ៕

ដោយ៖khmerhome