ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន លើកឡើងថា ការរួមចំណែករបស់អង្គការ FAO (ហ្វៅ) នៅកម្ពុជា បានពង្រីកហួសពីជំនួយកសិកម្មបែបប្រពៃណី ឆ្ពោះទៅរកវិធីសាស្ត្រដ៏ទូលំទូលាយដែលរួមបញ្ចូលគ្នានូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ភាពធន់នឹងអាកាសធាតុ កសិកម្មប្រកបដោយចីរភាព ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងជលផល និងការផ្លាស់ប្តូរប្រព័ន្ធស្បៀង ខណៈពេលដែលនាំមកនូវទស្សនវិស័យវិនិយោគកាន់តែខ្លាំងក្លាដល់ប្រព័ន្ធស្បៀងនៅកម្ពុជា។
ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែល លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ត្រូវបានបញ្ចប់អាណត្តិការងារជាអ្នកតំណាងប្រចាំប្រទេសទៅទទួលភារកិច្ចថ្មី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា ស្របពេលដែលអាណត្តិការងាររបស់លោកជំទាវនៅកម្ពុជាបានបញ្ចប់ ក្រុមប្រឹក្សា CARD និងអង្គការ FAO បានពង្រឹងភាពជាដៃគូ និងសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធស្បៀង សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការ FAO ក្នុងការគាំទ្រដល់ការសម្របសម្រួលអន្តរវិស័យ និងការរួមចំណែកដល់ការអភិវឌ្ឍ និងការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ ដែលរួមមាន៖ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។ ការវិភាគគុណភាពនៃប្រព័ន្ធត្រួតពិនិត្យចំណីអាហារនៅកម្ពុជា (ឆ្នាំ២០២២)។ ផែនទីបង្ហាញផ្លូវទី២ របស់កម្ពុជាស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៥-២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងឯកសារស្ដីពីការតស៊ូមតិ ដែលគាំទ្រក្រោមមូលនិធិ SDG Seed Fund។ ការគាំទ្រដល់ការរៀបចំពិធីអបអរសាទរថ្នាក់ជាតិ រួមទាំងទិវាពិភពលោកស្តីពីសុវត្ថិភាពចំណីអាហារ និងទិវាជាតិអាហារូបត្ថម្ភប្រចាំឆ្នាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដឹកនាំរបស់អង្គការ FAO ក្នុងនាមជាសហសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្នុងក្រុមការងារបច្ចេកទេស ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ តាមរយៈតួនាទីនេះ អង្គការ FAO បានប្រមូលផ្តុំទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀតដោយជោគជ័យ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរប្រព័ន្ធស្បៀងរបស់កម្ពុជា ឆ្ពោះទៅរកភាពធន់ ការបរិយាប័ន្ន និងលទ្ធផលសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់អង្គការ FAO ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យយុទ្ធសាស្ត្រទូលំទូលាយ រួមមាន៖ កសិកម្មប្រកបដោយចីរភាព និងខ្សែច្រវាក់តម្លៃកសិកម្ម, អភិបាលកិច្ចប្រព័ន្ធស្បៀង, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ជលផល និងវារីវប្បកម្ម, ព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ, ភាពធន់នឹងអាកាសធាតុ និងការបត់បែន, សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគុណភាព, ស្ថិតិកសិកម្ម ប្រព័ន្ធទិន្នន័យ និងការផ្លាស់ប្តូរឌីជីថល, ការគាំទ្រការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយអង្គការ FAO ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀង និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់កសិករ ស្ត្រី យុវជន និងសហគមន៍ជនបទនៅប្រទេសកម្ពុជា។ ព្រមទាំងស្វាគមន៍ផងដែរចំពោះការគាំទ្របន្តរបស់អង្គការ FAO ក្នុងការបង្ហាញពីសមិទ្ធផល និងមេរៀនបទពិសោធន៍របស់កម្ពុជា ក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងៗទៀត៕
ដោយ៖khmerhome