Register Already an agent ? Login

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្តេជ្ញាពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងជួយអ្នកខ្ចីជួបការលំបាក

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្តេជ្ញាបន្តពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ការរៀបចំឥណទានឡើងវិញសម្រាប់អ្នកខ្ចី ដែលជួបការលំបាកក្នុងការសងត្រឡប់ និងយន្តការដោះស្រាយបណ្តឹង ដើម្បីបង្កើនការការពារអតិថិជន និងពង្រឹងទំនុកចិត្តសាធារណៈលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមាគមទាំងពីរបានទទួលស្គាល់ថា អ្នកខ្ចីប្រាក់មួយចំនួនកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈម។ សមាគមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្វែងរកដំណោះស្រាយជាក់ស្តែង និងការជួយសម្រាលបន្ទុកអ្នកខ្ចីដោយយុត្តិធម៌។

សមាគមទាំងពីរបានបញ្ជាក់ថា នាពេលអនាគត នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានជាសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងស្តង់ដារផ្តល់ឥណទាន ការប្រមូលបំណុលប្រកបដោយការទទួលខុសត្រូវ និងការសម្របសម្រួលជាមួយអតិថិជន ព្រមទាំងគាំទ្រការរៀបចំឥណទានឡើងវិញទៅតាមករណីនីមួយៗ សម្រាប់អ្នកខ្ចីដែលជួបការលំបាកក្នុងការសងប្រាក់ត្រឡប់។

លើសពីនេះ សមាគមបានដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ រួមមានការរឹតបន្តឹងការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ជាទ្រព្យធានាសម្រាប់កម្ចីថ្មី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងការបង្កើនការវាយតម្លៃសមត្ថភាពសងប្រាក់របស់គ្រួសារដែលមានប្រាក់ចំណូលទាប។

បន្ថែមពីនេះ ការពង្រឹងកិច្ចការពារអតិថិជន ក៏រួមមានការបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធនឹងការផ្តល់ឥណទានជាង ៤ម៉ឺន ៨០០០នាក់ និងការបណ្តុះបណ្តាលប្រធាននាយកប្រតិបត្តិ សមាជិកក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិកចំនួន ៣៦៦នាក់ ព្រមទាំងប្រធានសាខាជាង ១១២៣នាក់ ក្នុងឆ្នាំ២០២៥ និង២០២៦។

សមាគមទាំងពីរក៏បានលើកទឹកចិត្តឱ្យអតិថិជន ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ឬមានបណ្តឹងទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវា ឬស្វែងរកការណែនាំតាមរយៈមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) តាមលេខទូរស័ព្ទ ០១៥ ៣៦៥ ២២២៕

ដោយ៖khmerhome