ភ្នំពេញ៖ ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៥ភាគរយ ពីការកើនឡើង ៥,៣ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន ដែលរងសម្ពាធពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទាននៅមានកម្រិតទាប។
យោងតាមរបាយការណ៍ថ្មីបំផុតរបស់ធនាគារពិភពលោក ស្តីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ចេញផ្សាយនៅថ្ងៃទី ៦ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា ការធ្លាក់ចុះនៃការប្រើប្រាស់ឯកជនបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ ខណៈលក្ខខណ្ឌឥណទានតឹងរ៉ឹង និងការកែតម្រូវទីផ្សារអចលនទ្រព្យ ក៏បានជះឥទ្ធិពលដល់ការវិនិយោគផងដែរ។
ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានការគាំទ្រមួយផ្នែកពីការកើនឡើងនៃការនាំចេញទំនិញ ខណៈវិស័យមួយចំនួននៅតែបន្តជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច។ របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃថ្លៃថាមពល ក៏ជាកត្តាបន្ថែមដែលបង្កសម្ពាធដល់សេដ្ឋកិច្ច និងកម្លាំងទិញរបស់ប្រជាពលរដ្ឋ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេងសាំងធម្មតាបានកើនឡើងដល់ ៥.១៥០រៀល ក្នុងមួយលីត្រ នៅថ្ងៃអង្គារនេះ ដែលកើនឡើង ៣៣,៧ភាគរយ បើធៀបនឹងកម្រិតតម្លៃមុនពេលមានជម្លោះនៅមជ្ឈិមបូព៌ា។ ចំណែកប្រេងម៉ាស៊ូតឡើងដល់ ៥.៦៥០រៀល ក្នុងមួយលីត្រ កើនឡើង ៤៦,៧ភាគរយ។
សម្រាប់រយៈពេលមធ្យម ធនាគារពិភពលោករំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់ ៤ភាគរយក្នុងឆ្នាំ២០២៧ និង ៥ភាគរយក្នុងឆ្នាំ២០២៨ ប្រសិនបើតម្លៃថាមពលមានស្ថិរភាព វិស័យទេសចរណ៍ងើបឡើងវិញ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពលករចំណាកស្រុក ដែលបានវិលត្រឡប់មកកម្ពុជាវិញទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានព្យាករថា បាតុភូត អែល នីញ៉ូ (El Niño) អាចបន្ថយល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មក្នុងឆ្នាំ២០២៧។ សេដ្ឋកិច្ចកម្ពុជានៅតែពឹងផ្អែកសំខាន់លើវិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ សំណង់ និងការនាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។
យោងតាមរបាយការណ៍រដ្ឋាភិបាល បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក ជើង និងផលិតផលសម្រាប់ធ្វើដំណើរ បានកើនឡើង ៧,២ភាគរយ ដល់ចំនួន ១១,៧៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ ៤៤ភាគរយ មកនៅត្រឹមប្រមាណ ២,២៥លាននាក់ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ២០២៦ ដោយសារភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ និងជម្លោះភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖khmerhome