Register Already an agent ? Login

អគ្គនាយកធនាគារ ARDB មានសុទិដ្ឋិនិយមថា វិស័យភស្តុភារកម្មគឺជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម

ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសុទិដ្ឋិនិយមថា វិស័យភស្តុភារកម្មគឺជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម និងការខាតបង់ក្រោយការប្រមូលផល ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ការមានសុទិដ្ឋិនិយមបែបនេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅយុទ្ធសាស្ត្ររួមគ្នា ក្នុងការ «ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មកសិកម្មឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងធានាឱ្យបាននូវការកើនឡើងនូវប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ពីតួនាទីរបស់ធនាគារ ARDB ក្នុងអនុស្សរណៈនេះគឺការពង្រីកលទ្ធភាពនៅក្នុងការផ្តល់ហិរញ្ញប្បទានទៅលើប្រព័ន្ធភស្តុភារកម្មបៃតង (Green Logistics) ជាពិសេសលើការវិនិយោគលើមធ្យោបាយដឹកជញ្ជូនបៃតង ដើម្បីជួយឱ្យប្រតិបត្តិករភស្តុភារកម្ម អាចកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល និងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា វិស័យកសិកម្ម នៅតែជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលផ្តល់ឱកាសការងារ និងរក្សាលំនឹងជីវភាព រស់នៅដល់ប្រជាពលរដ្ឋភាគច្រើននៅតាមជនបទ ពិសេសរក្សាសន្តិសុខស្បៀងសម្រាប់ប្រ ទេសកម្ពុជាទាំងមូល។ ក្នុងបរិបទបច្ចុប្បន្ន ដែលច្រកព្រំដែនផ្លូវគោកជាមួយប្រទេសជិតខាង នៅតែមិនទាន់បើកដំណើរការឡើងវិញ ហើយពលករចំណាកស្រុកមួយចំនួនធំបានវិលមកមាតុភូមិវិញ ព្រមទាំងស្ថានភាពពាណិជ្ជកម្មតំបន់ និងសកល នៅតែមានភាពមិនប្រាកដប្រជាខ្ពស់, ខ្សែច្រវាក់ផ្គត់ផ្គង់ និងច្រកដឹកជញ្ជូនផលិតផលកសិកម្មរបស់យើង កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ស្ថានភាពនេះ ផ្តល់មេរៀនសំខាន់មួយសម្រាប់យើងទាំងអស់គ្នា យើងមិនអាចពឹងផ្អែកលើតែផ្លូវមួយ ទីផ្សារមួយ ឬដៃគូតែមួយបានទៀតទេ។ យើងត្រូវការ ការធ្វើ ពិពិធកម្មច្រកដឹកជញ្ជូន ការពង្រឹងបណ្តាញភស្តុភារកម្មក្នុងស្រុក ការវិនិយោគលើឃ្លាំង និងការតភ្ជាប់កាន់តែរឹងមាំរវាងផលិតកម្ម ហិរញ្ញប្បទាននិងទីផ្សារ។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងថា ក្រុមហ៊ុនភស្តុភារកម្ម ត្រូវការទុនសម្រាប់យានយន្ត ឃ្លាំង ប្រព័ន្ធបច្ចេកវិទ្យា និងការពង្រីកសេវាកម្ម។ ហើយស្ថាប័នហិរញ្ញវត្ថុ ត្រូវការដៃគូដែលយល់ច្បាស់ពីតម្រូវការជាក់ស្តែងរបស់វិស័យនីមួយៗ។ ហេតុនេះហើយ ARDB, CRF និង CLA មានចំណុចប្រសព្វដ៏សំខាន់មួយ គឺការធ្វើឱ្យខ្សែសង្វាក់តម្លៃ កសិកម្ម និងភស្តុភារកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែង។

ឧកញ៉ា ហាក់ លាងហ៊ បន្តថា ប្រសិនបើមានផលិតកម្មល្អ ប៉ុន្តែការដឹកជញ្ជូនមានថ្លៃខ្ពស់ នោះការប្រកួតប្រជែងរបស់យើងនឹងរងផលប៉ះពាល់។ ប្រសិនបើមានការដឹកជញ្ជូនល្អ ប៉ុន្តែអាជីវកម្មមិនអាចទទួលបានហិរញ្ញប្បទានសមស្របនោះការពង្រីកអាជីវកម្មក៏មានការលំបាក។ ហើយប្រសិនបើយើងមានទាំងផលិតកម្ម ទាំងហិរញ្ញប្បទាន និងទាំងឡូជីស្ទីក ប៉ុន្តែភាគីទាំងអស់មិនធ្វើការសម្របសម្រួលគ្នា នោះយើងនៅតែមិនអាចប្រើប្រាស់សក្តានុពលរបស់យើងបានពេញលេញ។

ឧកញ៉ា ហាក់ លាងហ៊ សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាយន្តការថ្មីមួយ ដែលតភ្ជាប់ហិរញ្ញប្បទានអភិវឌ្ឍន៍ទៅកាន់វិស័យភស្តុភារកម្មកសិកម្មដោយផ្ទាល់ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើរតួនាទីជាអ្នកផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុ ហើយសមាគមភស្តុភារកម្មកម្ពុជា ដើរតួនាទីជាអ្នកសម្របសម្រួល និងជាស្ពានតភ្ជាប់ទៅកាន់សមាជិក៕

ដោយ៖khmerhome