ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យពង្រឹងយន្តការគ្រប់គ្រងសមិទ្ធកម្មរបស់មន្ត្រីរាជការ ដោយកំណត់ឱ្យបានច្បាស់លាស់នូវលទ្ធផលការងាររបស់មន្ត្រីម្នាក់ៗ និងពង្រាយមន្ត្រីឱ្យចំជំនាញ និងតម្រូវការជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់ស្ថាប័ន។
ការជំរុញនេះត្រូវបានលើកឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការវាយតម្លៃក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង សរុបប្រមាណ ៤០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ស្របតាមទិសដៅនៃការកែទម្រង់ ការត្រៀមលក្ខណៈសម្រាប់ធ្វើទំនើបកម្មប្រព័ន្ធការងារគន្លឹះមួយចំនួន នឹងត្រូវលើកយកមកពិភាក្សា ជាពិសេសការប្រមូលធាតុចូល ដើម្បីពង្រឹងយន្តការគ្រប់គ្រងសមិទ្ធកម្មរបស់បុគ្គលិក និងមន្ត្រីរាជការ។
ការងារនេះមានគោលដៅកំណត់ឱ្យបានច្បាស់នូវលទ្ធផលការងារដែលមន្ត្រីម្នាក់ៗត្រូវសម្រេច តម្រូវការមន្ត្រីជាក់ស្តែង ព្រមទាំងការពង្រឹងសមត្ថភាព និងការពង្រាយមន្ត្រីឱ្យស្របតាមជំនាញ និងតម្រូវការពិតប្រាកដរបស់អង្គភាព។ លោកចាត់ទុកថា ការប្រើប្រាស់ធនធានមនុស្សឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងគាំទ្រដល់ដំណើរការកែទម្រង់របស់ក្រសួង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវបន្តកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណវុឌ្ឍិ សមត្ថភាព និងផលិតភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងនោះ ឯកសារចក្ខុវិស័យក្រសួងឆ្នាំ២០៣០ បានកំណត់អភិក្រម ៤ គឺ «រើសត្រូវ បណ្តុះបណ្តាលត្រូវ ប្រើប្រាស់ត្រូវ និងទុកដាក់ត្រូវ»។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង បន្តអនុវត្តផែនការសកម្មភាពនានា តាមក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងគោរពបទប្បញ្ញត្តិច្បាប់ និងគោលការណ៍ណែនាំជាធរមាន។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យបុគ្គលិក និងមន្ត្រីរាជការទាំងអស់ តម្កល់ និងប្រតិបត្តិតាម «គុណតម្លៃស្ថាប័ន» របស់ក្រសួង ដើម្បីរួមចំណែកធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនវានុវត្តន៍ ក្នុងការបំពេញភារកិច្ច និងបម្រើផលប្រយោជន៍សាធារណៈ៕
ដោយ៖khmerhome