Register Already an agent ? Login

សមាគមស្វាយចន្ទីកម្ពុជា កំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅឱ្យនៅនឹងនរយ៉ាងតិច ៣០% ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅឱ្យនៅនឹងនរយ៉ាងតិច ៣០% ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអ្នកផលិត និងអ្នកកែច្នៃ ខណៈដែលក្រុមហ៊ុនចំនួន ៦ បានបង្ហាញពីតម្រូវការសរុបចំនួន ១៤ម៉ឺន ៤ពាន់តោន នៃគ្រាប់ស្វាយចន្ទីឆៅ។

លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រាប់ឲ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។ 

លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦ បានបង្ហាញពីតម្រូវការសរុបចំនួន ១៤ម៉ឺន ៤ពាន់តោន នៃគ្រាប់ស្វាយចន្ទីឆៅ។ ក្នុងនោះ ក្រុមហ៊ុន Royal Delight View បានបង្ហាញពីតម្រូវការរហូតដល់ ៥ម៉ឺនតោន ខណៈដែលក្រុមហ៊ុន Olam Outspan និងរោងចក្រកែច្នៃរបស់ចិន បានបង្ហាញតម្រូវការចំនួន ៣ម៉ឺនតោនដូចគ្នា។ ចំណែក ក្រុមហ៊ុន Pinex Agro, Nut & Nest និង Mirarth បានបង្ហាញពីតម្រូវការចំនួន ៨ពាន់តោន, ៥ពាន់តោន និង ៣ពាន់តោនរៀងៗខ្លួន និងក្រុមហ៊ុន Khmer Agro Cashew ១ម៉ឺន ៥ពាន់តោន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mertol Sunflower Import & Export និងក្រុមហ៊ុន Special Trust Cambodia បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញសាច់គ្រាប់ស្វាយចន្ទីកែច្នៃផងដែរ។

លោកបានលើកឡើងថា កិច្ចសន្ទនានេះបានផ្តោតលើការតភ្ជាប់កសិករ និងសហគមន៍កសិកម្មដោយផ្ទាល់ជាមួយអ្នកទិញ ការជំរុញការអនុវត្តតាមស្តង់ដារតម្រូវការគុណភាពគ្រាប់ស្វាយចន្ទីឆៅ ការពិភាក្សាអំពីការទូទាត់ប្រាក់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ព្រមទាំងការវាយតម្លៃសមត្ថភាពរបស់សហគមន៍កសិកម្មក្នុងការផ្គត់ផ្គង់ការបញ្ជាទិញបរិមាណធំ។ កសិករ និងសហគមន៍កសិកម្ម ដែលអនុវត្តស្របតាមស្តង់ដារគុណភាពកម្រិតខ្ពស់ (premium) អាចទទួលបានការលើកទឹកចិត្តតម្លៃបន្ថែម ៣% លើសពីតម្លៃទីផ្សារធម្មតា។

លោកបានបន្ថែមថា ការត្រួតពិនិត្យគុណភាពនៅកម្រិតចម្ការ បានក្លាយជាប្រធានបទដ៏សំខាន់មួយ ស្របពេលដែលក្រុមអ្នកផលិត បានអំពាវនាវឱ្យអ្នកទិញចូលរួមទទួលខុសត្រូវកាន់តែច្រើន ក្នុងការគ្រប់គ្រងគុណភាព ខណៈដែលកសិករក៏ស្វែងរកនូវស្ថិរភាពតម្លៃ និងការរៀបចំការទូទាត់ប្រាក់ឱ្យកាន់តែច្បាស់លាស់ រួមមានលក្ខខណ្ឌ Ex Works (EXW) និង Free on Board (FOB) ផងដែរ។

លើសពីនេះ លោក អ៊ួន ស៊ីឡុត បានឱ្យដឹងថា ជំនួបធុរកិច្ចជុំបន្ទាប់ គ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ដោយការពិភាក្សាត្រូវបានរំពឹងថា នឹងផ្តោតលើគុណភាពគ្រាប់ស្វាយចន្ទីពូជ M23 និងការកំណត់ចំណាត់ថ្នាក់គ្រាប់តូចសម្រាប់ផលិតកម្មសាច់គ្រាប់ប្រភេទ W320។

សូមបញ្ជាក់ថា យោងតាមសមាគមស្វាយចន្ទីកម្ពុជា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១,០៨លានតោន ក្នុងអំឡុងពេល ៨ខែឆ្នាំ២០២៦ ដោយប្រមូលបានប្រាក់ចំណូលពីការនាំចេញប្រមាណ ១ ៨៩០ លានដុល្លាអាម៉េរិក មានការកើនឡើង ២៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖khmerhome