Register Already an agent ? Login

កម្ពុជាបាត់ចំណូលពន្ធគយជាង ៤២០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើងជាង ៦៧% ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ កម្ពុជាបានបាត់បង់ចំណូលពន្ធគយប្រមាណ ៤២០,៥១លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលផ្តល់ការអនុគ្រោះពន្ធដល់ការនាំចូលទំនិញពីប្រទេសដៃគូ។ ទោះជាយ៉ាងណា ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចាត់ទុកថា បានរួមចំណែកជំរុញការធ្វើពាណិជ្ជកម្ម និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។

តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលពន្ធគយដែលបានបាត់បង់ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណ ១ ៦៨៨,៧២ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២០,៥១លានដុល្លារអាមេរិក។ ចំនួននេះកើនឡើងប្រមាណ ៦៧៨,៦៥ប៊ីលានរៀល ឬ ៦៧,១៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលការបាត់បង់ចំណូលពន្ធគយមានប្រមាណ ១ ០១០,០៧ប៊ីលានរៀល។

តួលេខនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ» ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំឡើងនៅថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាជាតិគយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក តាមរយៈសមាជិកភាពក្នុងអាស៊ាន អង្គការគយពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងការចូលជាភាគីនៃកិច្ចព្រមព្រៀង និងអនុសញ្ញាអន្តរជាតិជាច្រើន បានគាំទ្រដល់ការកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ ជាពិសេសការសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ។

ជាក់ស្តែង បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីចំនួន ១១ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង, RCEP, កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ អាចធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធគយមួយផ្នែក ដោយសារទំនិញនាំចូលពីប្រទេសដៃគូទទួលបានអត្រាពន្ធអនុគ្រោះ ឬការលើកលែងពន្ធតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ ទន្ទឹមនឹងនេះ វាក៏បង្កើតលទ្ធភាពឱ្យផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារដៃគូក្នុងលក្ខខណ្ឌអនុគ្រោះផងដែរ។

លោកអគ្គនាយករង ចាន់ សុភាព បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

លើសពីនេះ ការនាំចេញរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ២០,៨១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៦ កើនឡើង ២១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះ បញ្ជាក់ឱ្យឃើញថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ ដោយសារការយល់ដឹងពីផលចំណេញពីការនាំចូល និងនាំចេញក្រោមរបបអនុគ្រោះជាច្រើន។

សូមជម្រាបថា កម្ពុជាក៏បាននិងកំពុងចូលរួមចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីបន្ថែមទៀត និងដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់សំដៅពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ជាឧត្តមប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា៕

ដោយ៖khmerhome