Register Already an agent ? Login

ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ មកត្រឹម ៣,៩% ខណៈអតិផរណាកើនដល់ ៤,៧% ដោយសារវិស័យទេសចរណ៍មានភាពទន់ខ្សោយ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៩% ពីការព្យាករ ៤,១% កាលពីខែកក្កដា ឆ្នាំ២០២៦ ដោយសារវិស័យទេសចរណ៍មានភាពទន់ខ្សោយ ដែលប៉ះពាល់ដល់កំណើនវិស័យសេវាកម្ម។ ទន្ទឹមនេះ ADB បានដំឡើងការព្យាករអតិផរណា សម្រាប់ឆ្នាំ២០២៦ ពី ៤,៥% មក ៤,៧%។

តាមរបាយការណ៍បច្ចុប្បន្នភាពសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់ ADB កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២៧ ដោយរក្សាការព្យាករដដែលក្នុងអត្រា ៤,៧% ខណៈការព្យាករអតិផរណាត្រូវបានដំឡើងពី ២,៥% មក ២,៨%។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។

លោកស្រីបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។

វិស័យឧស្សាហកម្មនៅតែជាក្បាលម៉ាស៊ីនសំខាន់នៃកំណើន ដោយការនាំចេញសម្លៀកបំពាក់ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦,៣% ដល់ ៨ពាន់លានដុល្លារ ខណៈការនាំចេញផលិតផលក្រៅពីសម្លៀកបំពាក់កើន ៣៨,៤% ដល់ ៦,៧ពាន់លានដុល្លារ ដែលជំរុញដោយការនាំចេញផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា សម្ភារធ្វើពីឈើ គ្រឿងអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងសំបកកង់។

ជាមួយគ្នានេះ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ ៤៧,៩% មកត្រឹម ១,៨លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ឬស្មើ ៥២,៥% នៃកម្រិតមុនជំងឺរាតត្បាត។ ADB បញ្ជាក់ថា ការធ្លាក់ចុះនេះពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា និងការបិទព្រំដែនគោកកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់ទេសចរណ៍ ពាណិជ្ជកម្ម ការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងការលក់រាយ។

ដោយឡែក តម្លៃនាំចេញផលិតផលកសិកម្មបានកើនឡើង ២៣,៦% ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការនាំចេញស្វាយចន្ទី ដំឡូងមី និងអង្ករ។ ទោះជាយ៉ាងណា វិស័យកសិកម្មនៅតែត្រូវបានរំពឹងថា នឹងរួមចំណែកតិចតួចដល់កំណើន ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យនៅបន្តភាពទន់ខ្សោយ។

ADB ក៏បានព្យាករថា ឱនភាពគណនីចរន្តរបស់កម្ពុជា នឹងកើនដល់ ១១,៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៦ មុននឹងថយចុះនៅឆ្នាំ២០២៧។ ទោះជាយ៉ាងណា សន្ទុះលំហូរចូលនៃ វិនិយោគផ្ទាល់ពីបរទេស ជួយរក្សាទុនបម្រុងអន្តរជាតិរបស់កម្ពុជា ឱ្យស្ថិតនៅក្នុងកម្រិតអាចទូទាត់ការនាំចូលបានប្រមាណ ៧ខែ។ នេះផ្តល់ជាបង្អែកសុវត្ថិភាពសេដ្ឋកិច្ចដល់កម្ពុជា ដើម្បីទប់ទល់នឹងហានិភ័យពីខាងក្រៅ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។

ADB បានព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងហានិភ័យអវិជ្ជមាន ពីកំណើនទាបរបស់ដៃគូពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ ថ្លៃទំនិញកើនឡើង ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ បញ្ហាប្រាក់កម្ចីមិនដំណើរការ និងហានិភ័យអាកាសធាតុបង្កដោយបាតុភូតអែលនីញ៉ូ ដែលអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងជីវភាពប្រជាជននៅតាមជនបទ៕

ដោយ៖khmerhome