ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត៣លើគម្រោងវិនិយោគថ្មីមួយក្នុងវិស័យរ៉ែ ដោយមានសកម្មភាពអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃរ៉ែ ក្នុងទុនវិនិយោគប្រមាណ ១៦លានដុល្លារអាម៉េរិក ដែលរំពឹងថា នឹងអាចបង្កើតការងារប្រមាណ ៤៣១កន្លែង សម្រាប់ប្រជាពលរដ្ឋ។
យោងតាមព័ត៌មានស្តីពីគម្រោងវិនិយោគ បានឲ្យដឹងថា ការវិនិយោគនេះមានទីតាំងស្ថិតនៅ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយផ្តោតលើអាជីវកម្មរ៉ែមាស និងការសាងសង់រោងចក្រកែច្នៃ ដែលនឹងបន្ថែមសមត្ថភាពកែច្នៃធនធានរ៉ែនៅក្នុងប្រទេស។ ការអនុម័តគម្រោងនេះ ក៏ស្របពេលដែលវិស័យរ៉ែមាសរបស់កម្ពុជាកំពុងមានសកម្មភាពកាន់តែច្រើន និងកំពុងក្លាយជាប្រភពចំណូលមួយសម្រាប់ជាតិ តាមរយៈការប្រមូលចំណូលពីសួយសារអាករ ពន្ធ និងការបង្កើតការងារដល់ប្រជាពលរដ្ឋ។
ទិន្នន័យពីក្រសួងរ៉ែ និងថាមពលបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាបានផលិតមាសសរុបប្រមាណ ២០តោន ចាប់ពីឆ្នាំ២០២០មក។ បច្ចុប្បន្ន ក្រសួងបានផ្តល់អាជ្ញាបណ្ណដល់គម្រោងអាជីវកម្មរ៉ែមាសចំនួន ១៥ ស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧គម្រោង កំពុងដំណើរការ និង ៨គម្រោងផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។
ជាមួយគ្នានេះ កាលពីខែមេសា ឆ្នាំ២០២៦ កម្ពុជាបានសម្ពោធរោងចក្រចម្រាញ់មាសថ្មីមួយរបស់ ក្រុមហ៊ុន Cambodian K88 Industry Co., Ltd. និងជារោងចក្រទី ៧នៅកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៤០លានដុល្លារអាម៉េរិក និងរំពឹងបង្កើតការងារផ្ទាល់ចំនួន ៣៧៥កន្លែង។ រោងចក្រនេះស្ថិតនៅតំបន់ស្នងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។
ក្រសួងរ៉ែ និងថាមពល ក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនរ៉ែមាសចំនួន ៧ ដែលកំពុងប្រតិបត្តិការបានផលិតមាសប្រមាណ ៣,៦តោន និងបានបង់សួយសារអាករជូនរដ្ឋប្រមាណ ១២,៦លានដុល្លារអាម៉េរិក។ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែទាំងមូល ក៏បានកើនឡើងដល់ប្រមាណ ១៣៥លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ពីប្រមាណ ១៣លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៦។
លើសពីនេះ គម្រោងអាជីវកម្មរ៉ែមាស និងរោងចក្រកែច្នៃថ្មីនៅខេត្តក្រចេះនេះ ត្រូវបានរំពឹងថា នឹងចូលរួមបង្កើនសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតឱកាសការងារ និងជំរុញការកែច្នៃធនធានរ៉ែនៅក្នុងប្រទេស ខណៈវិស័យរ៉ែត្រូវបានចាត់ទុកជាវិស័យមួយ ដែលអាចរួមចំណែកដល់ការបង្កើនចំណូលជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
សូមជម្រាបថា គិតត្រឹមឆមាសទី ១ឆ្នាំ២០២៦ ទុនវិនិយោគសរុបក្នុងវិស័យរ៉ែ បានកើនឡើងប្រមាណ ២,៨៩ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ជាង ១ម៉ឺន ២០០០កន្លែង។ ក្នុងនោះ ពលរដ្ឋកម្ពុជាកាន់កាប់ការងារប្រមាណ ៩៥% នៃកម្លាំងពលកម្មសរុប៕
ដោយ៖khmerhome