Register Already an agent ? Login

គិតត្រឹមខែកញ្ញានេះ ផ្ទៃដីស្រូវចំនួនជាង ៣៧ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារបាតុភូត El Niño ខណៈបរិមាណផលស្រូវដែលផលិតមិនទាន់អាចព្យាករណ៍បាន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិម្ម បានប្រាប់ឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ផ្ទៃដីស្រូវចំនួន ជាង ៣៧ម៉ឺនហិកតា នៃបានរងផលប៉ះពាល់ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែង និងគ្រោះរាំងស្ងួត ដោយសារស្ថានភាពនឹងបាតុភូត El Niño ខណៈដែលប៉ះពាល់លើផលិតកម្មស្រូវរដូវវស្សានៅឆ្នាំនេះ បរិមាណផលស្រូវដែលផលិតមិនទាន់អាចសន្និដ្ឋាននិងធ្វើការព្យាករណ៍បាននៅឡើយទេ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២៦ ផ្ទៃដីដាំដុះស្រូវរដូវវស្សាសរុបមានចំនួនជិត ៣លានហិកតា។ ក្នុងចំណោមផ្ទៃដីរងផលប៉ះពាល់ខាងលើ ផ្ទៃដីចំនួន ១២២ ៤៥៧ហិកតា ត្រូវបានអន្តរាគមន៍សង្គ្រោះដោយជោគជ័យ ខណៈដែលផ្ទៃដី ១៣ ១២០ បានខូចខាត។

ឯកឧត្តមបានគូសបញ្ជាក់ថា គ្រោះរាំងស្ងួតឆ្នាំ២០២៦ នេះ ប៉ះពាល់លើផលិតកម្មស្រូវរដូវវស្សា ហើយចំពោះការព្យាករណ៍បរិមាណផលស្រូវដែលផលិតបានក្នុងឆ្នាំ២០២៦ នេះ មិនទាន់អាចសន្និដ្ឋានបាននៅឡើយ ដោយរង់ចាំពិនិត្យស្ថានភាពទឹកភ្លៀងក្នុងខែកញ្ញា និងខែតុលា នេះសិន។ ក្នុងអំឡុងពេលជួបប្រទះគ្រោះរាំងស្ងួត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតាមដានស្ថានភាពយ៉ាងជាប់លាប់ និងអនុវត្តវិធានការអន្តរាគមន៍ជាបន្តបន្ទាប់។

លើសពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអន្តរាគមន៍ផ្តោតលើការបញ្ជូនទឹកពីអាងស្តុកទឹក និងប្រភពទឹកដែលមានសក្តានុពលទៅកាន់ប្រឡាយមេ ដើម្បីឱ្យកសិករអាចបន្តបូមទឹកចូលស្រែ និងរៀបចំវេនបូមទឹក ឱ្យបានសមស្រប ដើម្បីជៀសវាងការដណ្តើមទឹកគ្នា ដែលអាចបណ្តាលឱ្យខូចខាតដល់ផលប្រយោជន៍របស់កសិករទាំងអស់គ្នាផងដែរ។

ឯកឧត្តមបន្ថែមថា ចំពោះការស្តារដំណាំឡើងវិញ ក្រសួង និងអ្នកពាក់ព័ន្ធកំពុងវាយតម្លៃលទ្ធភាពដាំដុះឡើងវិញ ជាពិសេសនៅតំបន់ដែលអាចធានាបាននូវប្រភពទឹកគ្រប់គ្រាន់នាពេលខាងមុខ។ ក្នុងករណីមិនអាចស្តារការដាំដុះស្រូវឡើងវិញបាន រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា នឹងពិនិត្យលទ្ធភាពផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ព្រមទាំងស្បៀងសម្រាប់អន្តរាគមន៍ដល់ប្រជាកសិករ ជាពិសេសគ្រួសារដែលងាយរងគ្រោះ និងខ្វះខាត ដើម្បីជួយសម្រួលជីវភាព និងសន្តិសុខស្បៀង។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អង្គការ​ឧតុនិយម​ពិភពលោក (WMO) បាន​ព្រមានថា បាតុភូត​ El Nino ​ដែល​ជា​បាតុភូត​នាំ​ឲ្យ​​​មានគ្រោះរាំងស្ងួត ក្តៅ​ហួតហែង​ នឹង​កើន​ឡើង​ដល់កម្រិត​​ខ្លាំង​​បំផុត​ក្នុងរយៈពេលប៉ុន្មាន​ខែខាងមុខ​នេះ ហើយ​នឹងបន្តរហូត​​ដល់ដើមឆ្នាំ២០២៧ ដែល​បង្កើន​លទ្ធភាព​នៃ​គ្រោះរាំងស្ងួត ទឹក​ជំនន់ និង​កម្តៅ​ខ្លាំង​កាន់តែ​អាក្រក់ទៅៗ​នៅទូទាំងពិភពលោក​៕

ដោយ៖khmerhome