ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានជាង ១.០០០កន្លែង។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ គម្រោងវិនិយោគទាំង ៦នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យសំខាន់ៗ ចំនួន ៤ រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ ព្រមទាំងរោងចក្រកែច្នៃ។
ចំណែក វិស័យឧស្សាហកម្ម មាន ១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ ដែលអាចចូលរួមបង្កើនសកម្មភាពផលិតកម្ម និងការកែច្នៃក្នុងស្រុក។ សម្រាប់វិស័យទេសចរណ៍ មាន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ ដែលមានសក្តានុពលក្នុងការភ្ជាប់សកម្មភាពទេសចរណ៍ជាមួយផលិតផលសិប្បកម្ម និងការបង្កើតឱកាសចំណូលនៅមូលដ្ឋាន។
ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ២គម្រោង រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២៧មេហ្គាវ៉ាត់។ តាមរយៈការដាក់បញ្ចូលគម្រោងក្នុងវិស័យជាច្រើននេះ អាចមើលឃើញថា សំណើវិនិយោគថ្មីៗនៅកម្ពុជា មានការចម្រុះកាន់តែច្រើន ចាប់ពីកសិកម្ម និងកសិ-ឧស្សាហកម្ម រហូតដល់ផលិតកម្ម ទេសចរណ៍ និងថាមពលកកើតឡើងវិញ។
ជាពិសេស គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ២ ដែលមានអានុភាពសរុប ១២៧មេហ្គាវ៉ាត់ អាចចូលរួមបន្ថែមប្រភពថាមពលកកើតឡើងវិញ និងគាំទ្រដល់តម្រូវការថាមពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។ ប្រសិនបើគម្រោងវិនិយោគទាំង ៦នេះ ត្រូវបានអនុម័ត និងអនុវត្ត នឹងអាចបង្កើតការងារកាន់តែច្រើន ព្រមទាំងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច ការផលិតក្នុងស្រុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា៕
ដោយ៖khmerhome