Register Already an agent ? Login

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច និងការប្រកបមុខរបរខ្នាតតូចរបស់ពលរដ្ឋ

កណ្តាល៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, ទេសចរណ៍ និងការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ។

ការថ្លែងឲ្យដឹងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីបើកការដ្ឋានសាងសង់អគ្គារមន្ទីរពេទ្យបង្អែកស្រុក និងសាលារៀនចំនួន ២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ឧបនាយករដ្ឋមន្ត្រី បន្តថា ពិសេសត្រូវគិតគូរ និងលើកទឹកចិត្តដល់សហគ្រាសធុន មីក្រូ, តូច និងមធ្យម ក៏ដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្ត សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ, ជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ ម៉្យាងទៀត ត្រូវខិតខំទាក់ទាញការវិនិយោគ និងការបណ្តាក់ទុន ប្រកបអាជីវកម្មនានា ពីគ្រប់ប្រភពស្របច្បាប់ទាំងឡាយ ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ពិភពលោក ទាំងមូលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ដែលទស្សនវិស័យសេដ្ឋកិច្ច ក្នុង តំបន់ និងលើសកលលោក នៅបន្តត្រូវបានហ៊ុំព័ទ្ធ ដោយពហុវិបត្តិ ដូចជា៖ ការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់, សង្គ្រាមពាណិជ្ជកម្ម និងការកើននៃថ្លៃប្រេងឥន្ធនៈ ព្រមទាំងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុជាដើម។ ខណៈកម្ពុជាក៏បាននិងកំពុងបន្តជួបប្រឈមនឹងបញ្ហាទាំងនោះ ទាំងដោយផ្ទាល់ និងប្រយោលផងដែរ។

ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា សម្ពាធទាំងខាងក្នុង និងខាងក្រៅនេះ បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តខិតខំអភិវឌ្ឍន៍ប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្តែងទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវបន្តប្រឈមនឹងការគម្រាម និងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលត្រូវបានគាំទ្រដោយកំណើនល្អ ក្នុងវិស័យកាត់ដេរ, កម្មន្តសាលមិនមែនកាត់ដេរ និងលក់ដុះ-លក់រាយ។

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា សម្រាប់ឆ្នាំ២០២៦ នេះ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិច បើធៀបនឹងកំណើនក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺអាចនឹងសម្រេចបានក្នុងអត្រាប្រមាណ ៤,១% ប៉ុណ្ណោះ ដោយសារការទទួលរងនូវកម្មវិបាកជាអវិជ្ជមានផ្ទួនគ្នា ជាពិសេស ការកើនថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា៕

ដោយ៖khmerhome