ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥០០គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤៧ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ម៉ឺនកន្លែង។
គម្រោងទាំង ៥០០នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៧, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៤៣, គម្រោងពង្រីកចំនួន ២៥, និងគម្រោងមានស្រាប់ចំនួន ១៥។
ថ្លែងក្នុងកិច្ចប្រជុំលើកទី ២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ចំនួន ១០ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការទាក់ទាញ និងការថែរក្សាទំនុកចិត្តវិនិយោគិន និងធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និងធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើយត្រូវលុបបំបាត់ ឬ កាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និងត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព។
បន្ថែមពីនេះ, រាល់ការសម្របសម្រួលនីតិវិធី និង ការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព។ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី។
សូមជម្រាបថា គម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ដែលមានទុនវិនិយោគជាង ៤២លានដុល្លារ និងអាចបង្កើតការងារ ១ ៣៦១កន្លែង ត្រូវបានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ នៅថ្ងៃនេះ រួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី, គម្រោងអភិវឌ្ឍអចលនទ្រព្យ, គម្រោងសណ្ឋាគារ និង រីសត និងគម្រោងអគារស្នាក់នៅរួម៕
ដោយ៖khmerhome