Register Already an agent ? Login

រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ៥៣លានដុល្លារ ក្នុងការគាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ៥៣ លានដុល្លារអាម៉េរិក គាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងគាំទ្របង្កើតមុខរបរ និង ការចូលទីផ្សារការងារ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លងនេះ។

ឯកឧត្តម អ៊ុង លុយណា បន្តថា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ មានបញ្ហាប្រឈមច្រើន ជាពិសេសនៅឆ្នាំ២០២៦នេះ កម្ពុជា ជួបបញ្ហាប្រឈមពហុវិបត្តិ ក្នុងនោះបញ្ហាប្រេងឥន្ធនៈ បានដាក់សម្ពាធខ្លាំងជាងគេ ដែលនឹងអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថមថយ។ ជាក់ស្តែង ការវាយតម្លៃកំណើនសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៦ បានព្យាករណ៍ក្នុងរង្វង់ ៥,២% និងបន្ទាប់មកទៀតនៅត្រឹម ៤,២% និងនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ត្រូវបានវាយតម្លៃមកនៅត្រឹម ៤,១% ប៉ុណ្ណោះ។ បញ្ហានេះក្រសួងបាននិងកំពុងពិនិត្យ និងតាមដានបន្ថែមទៀត ដើម្បធ្វើការវាយតម្លៃនៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២៦នេះ។

ឯកឧត្តមគូសបញ្ជាក់ថា តាមរយៈការដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ គឺបានបែងចែកជាបីកញ្ចប់ធំៗ ដែលមានទំហំទឹកប្រាក់សរុបជាង ១២២៤ លានដុល្លារអាម៉េរិក ក្នុងនោះសម្រាប់កញ្ចប់ទី១ មានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាម៉េរិក សម្រាប់អនុវត្តលើ ១៥ វិធានការ, បញ្ចប់ទី២ មានទឹកប្រាក់ ៥៣ លានដុល្លារអាម៉េរិក និងអនុវត្តវិធានការចំនួន ៤ ក្នុងនោះការគាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់ MSMEs និងគាំទ្របង្កើតមុខរបរ និងការចូលទីផ្សារការងារ និងការដាក់ចេញកម្មវិធីបណ្តុះបណ្តាលខ្លីនៅតាមសាកលវិទ្យាល័យ។ ចំណែក កញ្ចប់ទី៣ មានទឹកប្រាក់ជាង ១២៤ លានដុល្លារអាម៉េរិក ដោយកញ្ចប់នេះអនុវត្តលើ ៨ វិធានការ។

លើសពីនេះ ឯកឧត្តមបន្ថែមថា កញ្ចប់អន្តរាគមន៍ទី២ នេះ ក៏មានការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលវគ្គខ្លីនៅតាមសាកលវិទ្យាល័យនានា ទទួលបានការគាំទ្រពីគម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា និងការផ្តល់ការគាំទ្រដល់ការផ្គូផ្គងការងារ និងការជួយស្វែងរកការងារ សម្រាប់ពលករទេសន្តរប្រវេសន៍វិលត្រឡប់ពីក្រៅប្រទេស គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ យុវជន ដែលមានជំនាញទាប និងកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យកសិកកម្ម សំណង់ សេវាកម្ម និងសហគ្រាសធុន តូច និងមធ្យម។

សូមបញ្ជាក់ថា កញ្ចប់អន្តរាគមន៍ទី២ មានទឹកប្រាក់សរុប ៥៣ លានដុល្លារអាម៉េរិក ដោយអនុវត្តលើការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ដែលផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញមានស្រាប់ ដែលកំពុងត្រូវបានបន្តអនុវត្ត និងលើការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលថ្មី ដែលមានគោលដៅច្បាស់លាស់ ព្រមទាំងឆ្លើយតបនឹងតម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយផ្សារភ្ជាប់ការអភិវឌ្ឍជំនាញជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន និងការគាំទ្របង្កើតមុខរបរ ឬការចូលទីផ្សារការងារ៕

ដោយ៖khmerhome