ភ្នំពេញ៖ អ្នកជំនាញពន្ធដារ លើកឡើងថា ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធ គឺជាការបំពេញកាតព្វកិច្ចសារពើពន្ធ ដែលផ្តល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (ស៊ីតាហ្វា) ដែលជាស្ថាប័នប្រមូលផ្ដុំ និងលើកកម្ពស់វិជ្ជាជីវៈភ្នាក់ងារសេវាកម្មពន្ធដារក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យដឹងថា សមាគមនេះ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅចុងឆ្នាំ២០២២។ សមាគមមានចក្ខុវិស័យមួយ គឺជួយផ្សព្វផ្សាយ ជួយបង្រៀន ឬក៏ជួយណែនាំទៅលើម្ចាស់អាជីវកម្មឱ្យគាត់យល់អំពីកាតព្វកិច្ចពន្ធដារ គណនេយ្យ និងសាវនកម្ម ឱ្យគាត់យល់ និងបញ្ជ្រាបព័ត៌មានមួយចំនួនទៅដល់ម្ចាស់អាជីវកម្មឱ្យគាត់ដឹងពីកាតព្វកិច្ចរបស់គាត់។
ឯកឧត្តម អ៊ុំ សារ៉ាវុធ សង្កេតឃើញថា បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មជាច្រើន ជាពិសេស SMEs គាត់មានការបារម្ភទៅលើបញ្ហារឿងពន្ធដារ ឱ្យតែឮសូរថា ការកស៊ីគឺខ្លាចរឿងពន្ធដារ ស្របពេលដែលសមាគមមានចក្ខុវិស័យមួយចង់ធ្វើម្តេចឱ្យមានការអនុវត្តច្បាប់ពន្ធ និងជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជួយបញ្ជ្រាបព័ត៌មានពន្ធដារ គណនេយ្យ និងសាវនកម្មទៅដល់ម្ចាស់អាជីវកម្ម នឹងជួយពង្រឹងទៅដល់អ្នកដែលរកស៊ីនៅក្នុងវិស័យពន្ធដារ គណនេយ្យ និងសាវនកម្មនេះ ឱ្យមានភាពរឹងមាំ ប្រកបដោយវិជ្ជាជីវៈ ស្របទៅតាមច្បាប់ជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមគូសបញ្ជាក់ថា ដោយសារសេដ្ឋកិច្ចយើងរីកចម្រើនបាន លុះត្រាតែមានម្ចាស់អាជីវកម្ម រកស៊ីច្រើន និងបង់ពន្ធច្រើន។ ហើយបើសិនជាម្ចាស់អាជីវកម្មគាត់បារម្ភរឿងពន្ធ អញ្ចឹងវាធ្វើឱ្យគាត់មិនហ៊ានរកស៊ីទេ ហើយគាត់អត់ហ៊ានធ្វើធំទេ អញ្ចឹងវាក៏អត់មានចំណូលចូលពន្ធដែរ ព្រោះចំណូលពន្ធដារគឺជារឿងធំមួយរបស់រដ្ឋាភិបាល។
ឯកឧត្តម បន្ថែមទៀតថា សមាគម ស៊ីតាហ្វា គឺចង់ជួយរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងទៅលើច្បាប់ពន្ធដារ គណនេយ្យ និងសាវនកម្មនេះ គឺជាអន្តរការីមួយដែលជួយទៅលើម្ចាស់អាជីវកម្មនៅក្នុងការប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយជូនគាត់។ យើងមិនមែនជាស្ថាប័នរដ្ឋទេ ប៉ុន្តែយើងគឺជារអាជ្ញាកណ្តាលមួយដែលធ្វើការឯករាជ្យទៅលើវិស័យពន្ធដារ គណនេយ្យ និងសាវនកម្មនេះ ធ្វើម៉េចឱ្យការអនុវត្តច្បាប់ពន្ធជាមួយនិងអ្នកត្រូវទទួលបន្ទុកទៅលើកាតព្វកិច្ចបង់ពន្ធ ឱ្យគាត់យល់គ្នា និងធ្វើការឱ្យស្របជាមួយគ្នាផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគម ស៊ីតាហ្វា បានបែងចែកជាសមាជិក ២ ប្រភេទ៖ សមាជិកសកម្ម គឺប្រមូលផ្តុំទៅដោយភ្នាក់ងារសេវាកម្មពន្ធដារ ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនគណនេយ្យ សាវនកម្ម ដែលមានអាជ្ញាប័ណ្ណចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្យ៉ាងទៀត សមាជិកគាំទ្រ គឺជាម្ចាស់អាជីវកម្មដែលរកស៊ីនៅក្នុងប្រទេសកម្ពុជា ដែលគាត់ចង់ស្វែងយល់អំពីពន្ធដារ ឬគាត់មានបញ្ហារឿងពន្ធដារ ឬមានបញ្ហារឿងបញ្ជីគណនេយ្យរបស់គាត់ ដូច្នេះគាត់អាចចូលរួមជាមួយសមាគមបាន៕
ដោយ៖khmerhome