ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងថា ការបញ្ចូលស្តង់ដាររាយការណ៍ព័ត៌មានចីរភាពនៅកម្ពុជា នឹងមិនមែនគ្រាន់តែជាវាស់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្កើតតម្លៃដែលស្ថិតស្ថេរនៅក្នុងការទាក់ទាញវិនិយោគដែលមានទំនួលខុសត្រូវខ្ពស់និងធានាថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់យើង នឹងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយតទៅទៀត។
ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវេទិកាជាតិគណនេយ្យ ការបញ្ចូលស្តង់ដាររាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមបានបន្តថា ការរាយការណ៍ព័ត៌មានចីរភាពរបស់កម្ពុជា ដែលនឹងផ្អែកតាមស្តង់ដាររាយការណ៍អន្តរជាតិ គឺជានិន្នាការគោលនយោបាយជាលក្ខណៈបុរេសកម្ម ដើម្បីសម្របខ្លួនជាប្រចាំតាមនិន្នាការប្រែប្រួលជាសកល និងធានាបាននូវឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ និងសកលរបស់កម្ពុជា ដោយផ្អែកលើគោលការណ៍សមមាត្រតាមសមត្ថភាព អាទិភាព និងកម្រិតធនធានរបស់ប្រទេសយើង។
ឯកឧត្តមគូសបញ្ជាក់ថា ប្រធានបទនៃវេទិការជាតិថ្ងៃនេះ ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា គឺឆ្លើយតបប្រកបដោយសង្គតភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២២-២០៣៥ ដែលជាឯកសារយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីឆ្លើយតបនឹងតម្រូវការការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
បន្ថែមពីនេះ តាមរយៈលទ្ធផលមួយឆ្នាំកន្លងផុតទៅ ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដារការលាតត្រដាងព័ត៌មានចីរភាព ត្រូវបានរៀបចំដោយគណៈកម្មាធិការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៥ ស្របតាមគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាបត្យកម្មហិរញ្ញវត្ថុ ការបង្កើតតម្លាភាពទីផ្សារ និងការតម្រឹមការអនុវត្តថ្នាក់ជាតិជាមួយនិងស្តង់ដារអន្តរជាតិ។ ក្នុងខែកញ្ញានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអនុម័តលើប្រកាសស្ដីពីការដាក់ឲ្យអនុវត្តស្តង់ដាររាយការណ៍ទាក់ទងទៅនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ការលាតត្រដាងព័ត៌មានចីរភាព ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារចីរភាពអន្តរជាតិផងដែរ។
លើសពីនេះ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) កម្ពុជាទទួលបាននូវគម្រោងមួយស្ដីពីការវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធនៃការរាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានចីរភាព ដោយប្រើប្រាស់ឧបករណ៍អភិវឌ្ឍគណនេយ្យ។ ផ្ដើមចេញពីគម្រោងនេះ គណនេយ្យករ គណនេយ្យ និងសវនកម្ម បានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៃការរាយការណ៍ ដោយប្រៀបធៀបទៅនឹងស្តង់ដារអន្តរជាតិ។ ការវាយតម្លៃប្រកបដោយបុរេសកម្មនេះ គឺជានិន្នាការសម្រេចចិត្តកបដោយការទទួលខុសត្រូវ និងជាជំហានដែលមានការគិតគូរច្បាស់លាស់របស់និយ័តករគណនេយ្យ និងសវនកម្ម។
និយ័តករ និងស្ថាប័នសាធារណៈពាក់ព័ន្ធ ឯកឧត្តម រស់ សីលវ៉ា លើកទឹកចិត្តឲ្យបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងស្មារតីពិតប្រាកដ អនុវត្តនូវអភិក្រមរដ្ឋាភិបាលទាំងមូល ហើយបង្កលក្ខណៈងាយស្រួលទៅវិញទៅមក ដើម្បីជំរុញអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដារលាតត្រដាងព័ត៌មានចីរភាពនៅកម្ពុជា និងស្តង់ដារលាតត្រដាងព័ត៌មានចីរភាពគាំទ្រមុននឹងដាក់ពិន័យ។ នេះគឺជាវិធីដែលរដ្ឋរក្សាជំនឿទុកចិត្តជាមួយភាគីពាក់ព័ន្ធ ជាពិសេសវិនិយោគិនទាំងជាតិ និងអន្តរជាតិ។
ដោយឡែក សម្រាប់ក្រុមហ៊ុន សហគ្រាស អង្គភាពស្ថាប័នអប់រំ គណនេយ្យករ និងសវនករ ឯកឧត្តម រស់ សីលវ៉ា ក៏លើកទឹកចិត្តឲ្យបន្តចូលរួមជម្រុញអនុវត្តអនុឡោមភាពនៃយុទ្ធសាស្ត្រ ក្នុងការរាយការណ៍ព័ត៌មានចីរភាព ដោយរក្សាឱ្យបាននូវស្តង់ដារខ្ពស់បំផុតនៃគុណភាពរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសជំនាញវិជ្ជាជីវៈដែលត្រូវការចាំបាច់ក្នុងការកសាង និងអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម។
សូមបញ្ជាក់ថា ការរៀបចំស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុ គោលនយោបាយ និងបទប្បញ្ញត្តិគណនេយ្យ និងសវនកម្ម ត្រូវបន្តធានាឱ្យបាននូវគោលការណ៍សមភាព ដើម្បីបង្កើននូវសមមាត្រនៃការធ្វើប្បញ្ញត្តិកម្មរវាងទំហំ និងវិស័យរបស់សហគ្រាស ព្រមទាំងធានាបាននូវសង្គតភាពជាមួយនឹងឧត្តមានុវត្តន៍អន្តរជាតិ និងនិន្នាការសកលភាវូនីយកម្ម និងតំបន់ភាវូនីយកម្មនៃការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម៕
ដោយ៖khmerhome