ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា សម្រាប់ឆ្នាំ២០២៦ នេះ តាមការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិច បើធៀបនឹងកំណើនក្នុងឆ្នាំ ២០២៥ កន្លងទៅពោលគឺអាចនឹងសម្រេចបានក្នុងអត្រាប្រមាណ ៤,១% ប៉ុណ្ណោះ ដោយសារកម្មវិបាកអវិជ្ជមាននៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ការថ្លែងឲ្យដឹងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបន្តថា ចាប់តាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលត្រូវបានបិទបញ្ចប់មក, សភាពការណ៍តំបន់និងសកល មានការប្រែប្រួលយ៉ាងរហ័សជាបន្តបន្ទាប់ ហើយភាគច្រើនត្រូវបានបង្កឡើងដោយកត្តាខាងក្រៅ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះទេ។ បច្ចុប្បន្ននេះ កម្ពុជានៅតែបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល ពោលគឺសង្គ្រាមពន្ធគយជាសកលកំពុងតែនៅបន្ត។
ដោយឡែក យុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេស ក៏នៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មតែមិនទាន់ដល់ទីបញ្ចប់នៅឡើយ ហើយបន្ថែមលើនេះបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយដែរនោះ និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ក៏បានផ្ទុះឡើងទៀត។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបញ្ជាក់ថា ទោះបីត្រូវបន្តប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវបន្តប្រឈមនឹងការគម្រាម និងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ២០២៥កន្លងទៅ។ ដូច្នេះហើយពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និង មធ្យមខាងមុខ» ឬ ហៅខ្លីថា «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុ-វិបត្តិ» ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សង្កត់ធ្ងន់ថា សភាពការណ៍ចុងក្រោយនេះ បានដាក់សម្ពាធបន្ថែម និងបាននាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្ពស់ និងពិបាកប៉ាន់ស្មាន ព្រមទាំងបានបង្កនូវកម្មវិបាកជាអវិជ្ជមានផ្ទួនថែមទៀត មកលើទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ទាំងក្នុងរយៈពេលខ្លី និងមធ្យម ខាងមុខ, ដោយសារការកើនថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ជាពិសេសមកលើវិស័យដែលពឹងផ្អែកលើប្រេង និងឧស្ម័ន ជាកត្តាផលិតកម្ម, តួយ៉ាង កសិកម្ម, ដឹកជញ្ជូន និងទេសចរណ៍, គួបផ្សំនឹងការកើននៃសម្ពាធអតិផរណា ដែលអាចបន្ទច់បង្អាក់ដល់សកម្មភាពចាយ និងការប្រើប្រាស់ជារួម។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ប្រឈមមុខនឹងពហុវិបត្តិខាងលើនេះ, ត្បិតថា កម្ពុជា គឺជាប្រទេសតូច និងមិនសូវមានជម្រើសច្រើនក៏ពិតមែន ក៏រាជរដ្ឋាភិបាលមិនគ្រាន់តែសង្កេតស្ថានការណ៍ និងរង់ចាំឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាននៃបរិការណ៍តំបន់ និងសកលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល តែងមានចក្ខុវិស័យច្បាស់លាស់ ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និងវែងទៅមុខ, ព្រមទាំងមានភាពប្រយ័ត្នប្រយែង និងភាពបុរេសកម្ម ក្នុងការកំណត់, ការដាក់ចេញ និងការជំរុញអនុវត្ត នូវវិធានការអន្តរាគមន៍នានាជាបន្តបន្ទាប់, បានទាន់ពេល និងចំទិសដៅ, ប្រកបដោយភាពបត់បែន, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។
លើសពីនេះ រាជរដ្ឋាភិបាល បានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានលេចចេញឡើងជាបន្តបន្ទាប់ ក្នុងការផ្តល់នូវការគាំទ្រដល់ពលករទេសន្តរប្រវេសន៍ និងជនភៀសសឹក ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃរបបពាណិជ្ជកម្មអន្តរជាតិ និងការហក់ឡើងខ្ពស់នៃថ្លៃប្រេងឥន្ធនៈ នាពេលថ្មីៗនេះ, ដំណាលគ្នានឹងការបន្តយកចិត្តទុកដាក់លើការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយជូនដល់ប្រជាជនកម្ពុជា។
សូមជម្រាបថា នៅដើមឆ្នាំ២០២៥ កន្លងទៅ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឆ្នាំ២០២៥-២០២៨»៕
ដោយ៖khmerhome