Register Already an agent ? Login

រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់អន្តរាគមន៍ចំនួន ៣ ដែលមានទំហំទឹកប្រាក់សរុបជាង ១២០០លានដុល្លារ ផ្តោតលើការរក្សាលំនឹងជីវភាពដោយផ្សាភ្ជាប់ការបង្កើតការងារ និងមុខរបរជូនពលរដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ចេញនូវកញ្ចប់អន្តរាគមន៍ចំនួន ៣ ដោយផ្តោតលើការរក្សាលំនឹងជីវភាពដោយផ្សារភ្ជាប់បង្កើតការងារ, ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផ្សារភ្ជាប់និងការបង្កើតមុខរបរ, និងការគ្រប់គ្រងការធ្វើអន្តរកម្ម និងបំប្លែងថាមពល មានទំហំចំណាយសរុបប្រមាណជាង ១២២៤ លានដុល្លារអាមេរិក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្នកម្ពុជា នៅតែបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល ពោលគឺសង្គ្រាមពន្ធគយ ជាសកលកំពុងតែនៅបន្ត។ មួយវិញទៀតយុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេស ក៏នៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្ម តែមិនទាន់ដល់ទីបញ្ចប់នៅឡើយ ហើយបន្ថែមលើនេះ, បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏នៅមិនទាន់មានភាពច្បាស់ លាស់នៅឡើយ និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ាបាននិងកំពុងផ្ទុះឡើង។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា សភាពការណ៍ចុងក្រោយនេះបានដាក់សម្ពាធបន្ថែម និងបាននាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្ពស់ និងពិបាកប៉ាន់ស្មាន ព្រមទាំងបង្កនូវកម្មវិបាកជាអវិជ្ជមានផ្ទួនថែមទៀត មកលើទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ទាំងក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដោយសារការកើនថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ជាពិសេសមកលើវិស័យដែលពឹងផ្អែក លើប្រេង និងឧស្ម័នជាកត្តាផលិតកម្ម តួយ៉ាងកសិកម្ម, ដឹកជញ្ជូន និងទេសចរណ៍ គួបផ្សំនឹងការកើននៃសម្ពាធអតិផរណា ដែលអាច បន្ទច់បង្អាក់ដល់សកម្មភាពចាយ និងការប្រើប្រាស់ជារួម។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា ក្នុងស្មារតីនេះទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ឲ្យដាក់ចេញនិងជំរុញអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នេះឡើង។ កម្មវិធីអន្តរាគមន៍នេះ បានរួមបញ្ចូលគ្នានូវវិធានការចម្រុះពោលគឺ ទាំងវិធានការផ្នែកផ្គត់ផ្គង់ និងវិធានការផ្នែកតម្រូវការ សំដៅជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ ដោយបន្ថែមការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាជន ជាពិសេសក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងការគាំពារដល់សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្ម ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

សូមបញ្ជាក់ថា ការដាក់ចេញកញ្ចប់អន្តរាគមន៍ទាំង ៣ រួមមាន៖ កញ្ចប់អន្តរាគមន៍ទី១៖ គឺការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការ បង្កើតការងារ ដែលផ្តោតសំខាន់លើក្រុមប្រជាជនគោលដៅមួយចំនួនរួមមាន៖ ប្រជាជនក្រីក្រ និងងាយរងហានិភ័យ និងអាជីវករខ្នាតមីក្រូ តូច និងមធ្យម ទាំងនៅក្នុងនិងក្រៅប្រព័ន្ធ , កញ្ចប់អន្តរាគមន៍ទី២៖ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ដែលផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញមានស្រាប់ ដែលកំពុងត្រូវបានបន្តអនុវត្ត និងលើការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលថ្មី ដែលមានគោលដៅច្បាស់លាស់ ព្រមទាំងឆ្លើយតបនឹង តម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន និងការគាំទ្របង្កើតមុខរបរ ឬការចូលទីផ្សារការងារ, កញ្ចប់អន្តរាគមន៍ទី៣៖ ការគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពល ស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នឥន្ធនៈ ឬប្រេងឥន្ធនៈ៕

ដោយ៖khmerhome