Register Already an agent ? Login

កម្ពុជាមានប្រជាជនជាង ៩លាននាក់ មានការងារធ្វើក្នុងឆ្នាំ២០២៥ ប៉ុន្តែ ៧៥% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ

ភ្នំពេញ៖ យោងតាមលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាមានប្រជាជនប្រមាណ ៩,១លាននាក់ មានការងារធ្វើក្នុងឆ្នាំ២០២៥ ខណៈអត្រាចូលរួមក្នុងកម្លាំងពលកម្មបានកើនឡើងដល់ ៧១,៦% ប៉ុន្តែការងារក្រៅប្រព័ន្ធនៅតែមានសមាមាត្រខ្ពស់រហូតដល់ ៧៥,១% នៃប្រជាជនមានការងារធ្វើ។

យោងតាមលទ្ធផលអង្កេតរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ប្រជាជនកម្ពុជាក្នុងវ័យធ្វើការនៅឆ្នាំ២០២៥ មានចំនួនប្រមាណ ១៣,១លាននាក់ ក្នុងនោះស្ត្រីមាន ៦,៨លាននាក់ និងបុរស ៦,៣លាននាក់។ ប្រជាជនក្នុងវ័យធ្វើការភាគច្រើនរស់នៅតំបន់ជនបទ ដែលមានចំនួនប្រមាណ ៧,៨លាននាក់ ខណៈនៅតំបន់ទីប្រជុំជនមានប្រមាណ ៥,៣លាននាក់។

ក្នុងចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ អត្រាចូលរួមក្នុងកម្លាំងពលកម្មមានចំនួន ៧១,៦% កើនឡើងពី ៦៩,៣% ក្នុងឆ្នាំ២០១៩។ ក្នុងនោះ អត្រាចូលរួមរបស់បុរសមាន ៧៧,៧% ខណៈស្ត្រីមាន ៦៥,៩%។របាយការណ៍ក៏បានបង្ហាញថា ប្រជាជនអាយុ ១៥ឆ្នាំឡើង ដែលមានការងារធ្វើ មានចំនួន ៦៩% ឬប្រមាណ ៩,១លាននាក់។ ក្នុងចំណោមអ្នកមានការងារធ្វើទាំងនេះ វិស័យសេវាកម្មមានសមាមាត្រច្រើនជាងគេ ៤៣% បន្ទាប់មកវិស័យឧស្សាហកម្ម ២៩,៤% និងវិស័យកសិកម្ម ២៧,៦%។

ទោះជាយ៉ាងណា បញ្ហាការងារក្រៅប្រព័ន្ធនៅតែជាបញ្ហាប្រឈមមួយសម្រាប់ទីផ្សារការងារកម្ពុជា ដោយលទ្ធផលអង្កេតបង្ហាញថា ប្រជាជនមានការងារធ្វើប្រមាណ ៧៥,១% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ ខណៈមានតែ ២៤,៩% ប៉ុណ្ណោះ ដែលស្ថិតក្នុងការងារក្នុងប្រព័ន្ធ។ចំពោះអត្រាអត់ការងារធ្វើ ក្នុងឆ្នាំ២០២៥ ប្រជាជនអាយុ ១៥ឆ្នាំឡើង ដែលស្ថិតក្នុងភាពគ្មានការងារធ្វើ មានប្រមាណ ៣,៦% ស្មើនឹងប្រមាណជាង ៣៤ម៉ឺននាក់ ក្នុងនោះមានបុរស ជាង១៤ម៉ឺននាក់ និងស្ត្រីជាង ១៩ម៉ឺននាក់។

ដោយឡែក ប្រជាជនដែលស្ថិតនៅក្រៅកម្លាំងពលកម្មមានប្រមាណ ២៨,៤% ឬប្រមាណ ៣,៧លាននាក់ ដែលមានការថយចុះបើធៀបនឹងអត្រា ៣០,៧% ក្នុងឆ្នាំ២០១៩។ ការថយចុះនេះបានឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃការចូលរួមរបស់ប្រជាជនក្នុងទីផ្សារការងារ។ទាក់ទងនឹងប្រាក់ចំណូលពីការងារ លទ្ធផលអង្កេតបានបង្ហាញថា ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់ការងារចម្បងរបស់និយោជិត មានចំនួន ១.២០១.៤៣៦រៀល (១លាន ២សែន ១ពាន់ ៤រយ សាមសិប ៦រៀល) ក្នុងនោះនិយោជិតបុរសទទួលបានជាមធ្យម ១.២៦៣.៥៣៣រៀល (១លាន ២សែន ៦ម៉ឺន ៣ពាន់ ៥រយ សាមសិប ៣រៀល) ខណៈនិយោជិតស្ត្រីទទួលបានជាមធ្យម ១.១២១.៣១៦រៀល (១លាន ១សែន ២ម៉ឺន ១ពាន់ ៣រយ ដប់ប្រាំមួយរៀល)។

ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ គឺជាប្រភពភស្តុតាងដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការកំណត់អន្តរាគមន៍ឱ្យចំគោលដៅ ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ រួមគ្នាយកទិន្នន័យពីលទ្ធផលអង្កេតនេះទៅប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ដោយប្រែក្លាយ «ទិន្នន័យក្លាយជាភស្តុតាង ហើយភស្តុតាងក្លាយជាសកម្មភាព»។

រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ទិន្នន័យដែលមានគុណភាព និងអាចជឿទុកចិត្តបាន នឹងមានសារៈសំខាន់ក្នុងការគាំទ្រដល់ការសម្រេចចិត្ត ការរៀបចំគោលនយោបាយ និងការវិនិយោគឱ្យកាន់តែចំគោលដៅ ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ «មនុស្ស» ជាអាទិភាពស្នូល និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ៖khmerhome