Register Already an agent ? Login

កម្ពុជាអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងថា កម្ពុជាសូមអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ការអំពាវនាវបែបនេះរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

ឯកឧត្តម ជា វុទ្ធី ថ្លែងបន្តថា ក្នុងនាមជាស្ថាប័នទទួលបន្ទុកការវិនិយោគឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ ដូច្នេះ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន ខណៈដែលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កំណើននៃទំហំពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើននៃការវិនិយោគចិននៅកម្ពុជាផងដែរ។ អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រនិងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។

ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងវិនិយោគតាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីគម្រោងវិនិយោគ, ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងវិធានការពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ៖khmerhome