ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមតម្រូវការ, វិស័យអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍ ស្របពេលដែលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក៏បាននិងកំពុងមានការរីកចំរើនគួរឱ្យកត់សម្គាល់ ។
ការប្តេជ្ញាបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជាបែបនេះរបស់ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ស្តីពីការបន្តជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាស្ថិត ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ជាភូមិសាស្ត្រនយោបាយ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិថាមពលក៏ដោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម KIM Chang Yong និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF) ។ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ខណៈដែលប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រ” កាលពីឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី៣ និងនិងជាដៃគូអភិវឌ្ឍន៍សំខាន់លំដាប់ទី៥ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ឃើញថា មានសមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា រួមទាំងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាយក ចិត្តទុកដាក់លើការកែលម្អបរិស្ថានវិនិយោគ, ការពារនិងជំរុញទំនុកចិត្តវិនិយោគិន ក៏ដូចជាជំរុញការអភិវឌ្ឍ សហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា ជាដើម៕
ដោយ៖khmerhome