ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា រហូតដល់បច្ចុប្បន្ន កម្ពុជាបានអនុវត្តការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមយន្តការវាយតម្លៃការសិក្សាពីមុន RPL ដល់អ្នកជំនាញទេសចរណ៍ចំនួនប្រមាណ ២ ២០០នាក់រួចមកហើយ និងបានវាយតម្លៃទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន ៤ទីតាំងនៅកម្ពុជា។
ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងបន្តថា គិតត្រឹមឆ្នាំ២០២៦ ក្រសួងទេសចរណ៍ទេសចរណ៍ បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍សរុបចំនួន ៩ទីតាំង ដោយក្នុងនោះសាលាដែលធ្វើការបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញមានចំនួន ៤ទីតាំង រួមមាន៖ ១.សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រួល ខេត្តសៀមរាប, ២.សាលាបដិសណ្ឋារកិច្ច ប៉េអេសអឺ រាជធានីភ្នំពេញ, ៣.សាលាសណ្ឋាគារ សាលាបាយ ខេត្តសៀមរាប និង ៤.សាលាបណ្តុះបណ្តាល នៃសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែល មានសមត្ថភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ស្របតាមគុណវុឌ្ឍអាស៊ានសរុបប្រមាណជិត ១ពាន់នាក់ក្នុងមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ដើម្បីគាំទ្រ និងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្របខណ្ឌគោលនយោបាយ និងយុទ្ធនាការខាងលើ ការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាពដ៏សំខាន់ ដែលតម្រូវឱ្យមានការគិតគូខ្ពស់ទាំងគុណវុឌ្ឍ សមត្ថភាព ជំនាញវិជ្ជាជីវៈ និងផលិតភាពតាមរយៈការជំរុញអភិវឌ្ឍន៍សមត្ថភាព និងការអប់រំបណ្តុះបណ្តាលថ្មី និងបន្ថែមដល់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ សំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល គឺមានការបើកទូលាយការបណ្តុះបណ្តាលដោយផ្ទាល់នៅនឹងទីតាំងការងារ ការហ្វឹកហាត់ការងារដោយផ្ទាល់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀត ដែលត្រូវបង្រៀនដោយគ្រូបង្គោលជាតិ ដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ តួយ៉ាងតាមរយៈគ្រូបង្គោលជាតិ ដែលយើងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រនាឱកាសដ៏វិសេសវិសាលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិជ័យលាភីទាំងអស់ ចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន ហើយអាចស្នើសុំទទួលស្គាល់វគ្គបណ្តុះបណ្តាលរបស់ខ្លួន តាមរយៈប្រព័ន្ធ CTPRS ដោយមានការ ទទួលស្គាល់ពីក្រសួងទេសចរណ៍។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់ សហការឱ្យបានជិតស្និតជាមួយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់សមាជិករបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងស្នើដល់គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ បន្តពង្រឹងសមត្ថភាពគ្រូបង្រៀនរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍កម្រិតកាន់តែខ្ពស់ក្នុងក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា យើងក៏ជួបបញ្ហាប្រឈមមួយចំនួនចំពោះអ្នកជំនាញទេសចរណ៍ដែលកំពុងបម្រើការងារបច្ចុប្បន្ន ប៉ុន្តែមិនមានវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ ដែលមិនបានបើកច្រកសិក្សាពេញមួយជីវិត ឬអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរឡើងក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍។ ធនធានអ្នកវាយតម្លៃបង្គោលជាតិរបស់យើង ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងមានការទទួលស្គាល់នាឱកាសនេះនឹងចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការវាយតម្លៃ ទទួលស្គាល់ការសិក្សាពីមុន (RPL) ដែលក្រសួងទេសចរណ៍គ្រោងរៀបចំវាយតម្លៃសមត្ថភាពទាំងក្របខណ្ឌគុណវុឌ្ឍជាតិ និងគុណវុឌ្ឍអាស៊ាន ចាប់ពីឆ្នាំ២០២៧ ខាងមុខផងដែរ។
សូមបញ្ជាក់ថា រយៈពេលកន្លងមកនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ក្រសួងទេសចរណ៍ បានកសាងហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង ដែលគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងឆ្លើយតបទៅនឹងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានផងដែរ (ASEAN MRA-TP) ៕
អត្ថបទ៖khmerhome