Register Already an agent ? Login

អគ្គនាយកឧស្សាហកម្ម បានចាត់ទុកកម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានចាត់ទុកកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម លើកិច្ចការពារគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងការធានាសិទ្ធិអាជីវកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីតួនាទីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត, សម្លៀកបំពាក់​ និងវាយនភណ្ឌអន្តរជាតិលើកទី១០ នេះថា កម្មសិទ្ធិបញ្ហាមានសារៈសំខាន់ ក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលក្នុងនោះក្រសួង បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាមួយដៃគូច្រើនរួមមាន៖ កិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO), អង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO), អង្គភាពរដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិតចិន (CLIPA), អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS), ក្រសួងកម្មសិទ្ធិបញ្ញាកូរ៉េ (MOIP), អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ (UPOV) ជាដើម។

ឯកឧត្តមបានបន្តថា ចំពោះច្បាប់កម្មសិទ្ធិបញ្ញាគឺជាច្បាប់មួយផ្តល់កិច្ចការពារនៅលើគំនិតបច្ចេកវិទ្យា និងការច្នៃប្រឌិតជាដើម ក្នុងនោះចំពោះអ្នកដែលស្នើសុំចុះបញ្ជីគំរូឧស្សាហកម្ម គឺចង់បានកិច្ចការពារកម្មសិទ្ធិបញ្ញាលើការច្នៃប្រឌិត ឬបច្ចេកវិទ្យា ដើម្បីធានាសិទ្ធិអាជីវកម្ម និងកសាងមូលដ្ឋានកាន់តែរឹងមាំសម្រាប់កំណើននាពេលអនាគត។ ឯកឧត្តមបន្ថែមថា ជាក់ស្តែងការផ្តល់កម្មសិទ្ធិបញ្ញា បាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនបន្ថែមទៀត។

លោក ថា រិទ្ធី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មលើកឡើងឱ្យដឹងថា ក្រសួងពាណិជ្ជកម្មទទួលបន្ទុកនៅលើម៉ាកសញ្ញា និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការសម្ងាត់ពាណិជ្ជកម្ម ក្នុងនោះម៉ាកគឺមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។  ជុំវិញការធ្វើអាជីវកម្មនេះ ប្រសិនបើផលិតផលរបស់យើងអត់មានឈ្មោះ ឬម៉ាកសញ្ញាច្បាស់លាស់ គឺមិនអាចលក់លើទីផ្សារ និងគ្មានការប្រកួតប្រជែងនោះឡើយ ព្រោះម៉ាកផលិតផលគឺជាការបង្កើតនូវទំនុកចិត្ត។ ដែលបញ្ហានេះក៏ជាការចូលរួមចំណែកមួយលើកកម្ពស់ដល់ការធ្វើអាជីវកម្ម និងការប្រកួតប្រជែងផងដែរ។

លោកមេធាវី អ៊ុំ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លើកឡើងថា កម្មសិទ្ធិបញ្ញា មានតួនាទីលើកិច្ចការពារ ក្នុងនោះដើម្បីការពារនៅលើគំរូឧស្សាហកម្មអ្វីមួយគឺត្រូវតែចុះបញ្ជី។ លោកមេធាវីរូបនេះបានបន្តថា ដូច្នេះ ការធ្វើអាជីវកម្មគួរតែចុះបញ្ជី មិនថាឧស្សាហកម្ម ឬសហគ្រាសធុនតូច និងមធ្យមនោះឡើយ ហើយការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា មិនមែនទាល់តែមានឈ្មោះល្បីទើបចុះបញ្ជីការពារនោះឡើយ។ ជាក់ស្តែងកន្លងមកនេះ ឃើញថា មានការលួចបន្លំផលិតផល និងបានកើតឡើងជាហូរហែរ នឹងឈានទៅដល់ការប្តឹងផ្តល់ផងដែរ ដែលបញ្ហានេះធ្វើឱ្យមានផលពិបាកក្នុងការធ្វើអាជីវកម្ម៕

ដោយ៖khmerhome