Register Already an agent ? Login

គម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា

កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៩ពាន់កន្លែង។

ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨ពាន់កន្លែង។

ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ៕