Register Already an agent ? Login

គិតត្រឹមដាច់ខែកក្កដា ឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលបានចុះបញ្ជីនៅក្រសួងសរុបមាន ៣,៣៥៧ រោងចក្រ និងមានកម្លាំងពលកម្មជាង ១លាន ៣សែន ៥ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ថ្លែងថា គិតត្រឹមដាច់ខែកក្កដា ឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលបានចុះបញ្ជីនៅក្រសួងសរុបមានចំនួន ៣,៣៥៧ រោងចក្រ, កម្លាំងពលកម្ម ១លាន ៣សែន ៥ម៉ឺននាក់ ក្នុងនោះមានស្ត្រី ៩៥ ម៉ឺននាក់ ស្មើនឹង ៧០%។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត, ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ដែលបានប្រមូលផ្តុំក្រុមហ៊ុន និងផលិតផលជាច្រើនពីបណ្តាប្រទេសផ្សេងៗ ដោយមានក្រុមហ៊ុននិងពាណិជ្ជករជាង ២០០ក្រុមហ៊ុន មកពី ១៥ប្រទេស និងមានស្តង់តាំងពិព័រណ៍ប្រមាណ ៣០០ស្តង់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងបន្តថា ទុនវិនិយោគសរុបមានប្រមាណ ២៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ប៊ីលានដុល្លារអាម៉េរិក គឺស្មើនឹង ១៥,៤% នៃទុនវិនិយោគសរុប។ តម្លៃបរិមាណផលិតផលរយៈពេល ៦ខែ ឆ្នាំ២០២៦ មានជាង ៤,៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ក្នុងស្រុកប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក និងនាំចេញប្រមាណ ៧,៣ ប៊ីលានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេល ៦ខែដូចគ្នានៅក្នុងឆ្នាំ២០២៥ គឺមានការកើនឡើងប្រមាណ ៣,៨ ប៊ីលានដុល្លារអាម៉េរិក ឬក៏ ៦៥%។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍឧស្សាហកម្មកំពុងឈានចូលដំណាក់កាលថ្មីមួយជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។ ទន្ទឹមនឹងកំណើនដ៏សំខាន់នេះ កម្ពុជាកំពុងពង្រីកនិងធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួន ដោយបន្តបង្កើនសមត្ថភាពក្នុងវិស័យសំខាន់ៗជាច្រើន ដូចជាឧស្សាហកម្មយានយន្ត និងគ្រឿងបង្គុំយានយន្ត, ការកែច្នៃម្ហូបអាហារ, អេឡិចត្រូនិក, សារធាតុគីមី, គ្រឿងសង្ហារិម និងឧស្សាហកម្មកែច្នៃផ្សេងៗ។

ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ការវិវត្តទាំងនេះបង្ហាញថា កម្ពុជាកំពុងឈានចូលកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល និងកំពុងបង្កើតមូលដ្ឋានឧស្សាហកម្មទំនើប ដែលអាចឆ្លើយតបបានតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាក់ស្តែង ការបន្តរៀបចំពិព័រណ៍នាពេលនេះ គឺជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាល ដែលមិនមានអ្វីអាចរារាំងបានឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ នៅតែជាមូលដ្ឋានសេដ្ឋកិច្ចសំខាន់បង្កើតការងារជាង ១លាន ៣សែនកន្លែង និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ចក្ខុវិស័យរបស់យើង គឺពង្រីកឧស្សាហកម្មប្រពៃណី និងបង្កើតឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីឱ្យផលិតផលកម្ពុជាមានភាពប្រកួតប្រជែង និងមានការទទួលស្គាល់ពីអន្តរជាតិ៕

ដោយ៖khmerhome