ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ស្វ័យប្រវត្តិកម្ម និងដំណោះស្រាយព្រឹត្តិកម្មឆ្លាតវៃ និងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ។
ការចាត់ទុកបែបនេះរបស់ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីពិពរណ៍បើកសម្ពោធជាផ្លូវការ នៃពិពរណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន, ពិពរណ៍ឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងពិពរណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ បោះពុម្ព និងការវេចខ្ចប់អន្តរជាតិកម្ពុជាលើកទី១០ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ នេះ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។
ឯកឧត្តមលើកឡើងថា វត្តមាននៃបច្ចេកវិទ្យាទាំងនេះ នឹងផ្តល់នូវដំណោះស្រាយជាក់ស្តែងដល់ម្ចាស់រោងចក្រ សហគ្រាសកម្ពុជា ក្នុងការកែលម្អប្រសិទ្ធភាពផលិតកម្ម, ការធ្វើឲ្យប្រសើរឡើងនូវដំណើរការផលិត និងការគាំទ្រដល់ការអភិវឌ្ឍរោងចក្រនាពេលអនាគត។ ជារួមព្រឹត្តិការណ៍នេះ គឺបានឆ្លុះបញ្ចាំងពីសហថាមពលយ៉ាងរឹងមាំរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម, ការបង្កើតភាពប្រកួតប្រជែង និងការធ្វើវិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពធន់ និងចីរភាព។
ឯកឧត្តមបន្តថា ភាពធន់នៃសេដ្ឋកិច្ចជាតិ និងភាពជោគជ័យនៃគោលនយោបាយលើការបើកទីផ្សារថ្មី ទន្ទឹមនឹងការរក្សាទីផ្សារចាស់ និងការធ្វើវិពិធកម្មទីផ្សារផលិតផលកម្ពុជា។ កំណើនដ៏រឹងមាំនេះ កើតឡើងស្របពេលដែលមានសារសំខាន់បំផុត ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនជាយុទ្ធសាស្ត្រ ដើម្បីចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខ។
ឯកឧត្តមគូសបញ្ជាក់ថា ការឈានចូលទំព័រថ្មីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនេះ យើងត្រូវប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើទីផ្សារសកល ដោយពឹងផ្អែកលើគុណភាព ស្តង់ដារ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតនានានៅកម្ពុជា កំពុងជួបប្រឈមនឹងសម្ពាធកាន់តែខ្លាំងក្នុងការធ្វើទំនើបកម្មផលិតកម្ម, ការកែលម្អប្រសិទ្ធភាព និងការពង្រឹងការប្រកួតប្រជែងជាសកលរបស់ខ្លួន។
បន្ថែមលើនេះទៀត ឯកឧត្តមបានកត់សម្គាល់ថា ដើម្បីសម្របខ្លួនទៅនឹងរបបថ្មី និងខ្សែច្រវាក់តម្លៃសកលនេះ ការទទួលបាននូវបច្ចេកវិទ្យា គ្រឿងម៉ាស៊ីនទំនើបៗ ស្វ័យប្រវត្តកម្ម និងដំណោះស្រាយផលិតកម្មឆ្លាតវៃ បានក្លាយជាកត្តាចាំបាច់ និងសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់រោងចក្រសហគ្រាសនៅកម្ពុជា ដើម្បីធានាបាននូវការបង្កើនតម្លៃបន្ថែម, ការកាត់បន្ថយចំណាយ និងការលើកកម្ពស់ផលិតភាព ប្រកបដោយចីរភាព និងបរិយាបន្ន។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសលើវិស័យសំខាន់ៗដូចជា គ្រឿងយន្ត សម្លៀកបំពាក់ និងវាយនភណ្ឌ ផ្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងការបោះពុម្ព ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងសកម្មភាពផលិតកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ាជឿជាក់ថា ពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ ហើយនឹងជួយឲ្យវិស័យឧស្សាហកម្មកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពរឹងមាំបន្ថែមទៀត។
អ្នកឧកញ៉ាលើកទឹកចិត្តដល់សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស ធុរជន និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីស្វែងរកដៃគូអាជីវកម្មថ្មីៗ និងបទពិសោធន៍ថ្មីៗ ព្រមទាំងស្វែងរកទីផ្សារថ្មីៗ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន សម្រាប់ពេលបច្ចុប្បន្ន និងនាថ្ងៃអនាគត។ សភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន តែងតែការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងជាស្ពានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយទាក់ទាញបានម៉ាកយីហោអន្តរជាតិជាង ២០០ មកពីជាង ១៥ប្រទេស និងតំបន់ រួមមាន៖ កម្ពុជា, ចិន, ឥណ្ឌា, អ៊ីតាលី, តៃវ៉ាន់ និងវៀតណាម ជាដើម។ ការប្រមូលផ្តុំដ៏ធំនេះ បាននាំមកនូវគ្រឿងម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងដំណោះស្រាយផលិតកម្មឆ្លាតវៃ ដែលបម្រើដល់វិស័យយានយន្ត, វាយនភណ្ឌ, កាត់ដេរ, ប្លាស្ទិក, ការបោះពុម្ព និងការវេចខ្ចប់ផងដែរ៕
ដោយ៖khmerhome