Register Already an agent ? Login

កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ត្រូវបានរៀបចំឡើងនិងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, វិនិយោគិន, សាកលវិទ្យាល័យ, ស្ថាប័នគាំទ្រធុរកិច្ចថ្មី, សហគ្រិន និងតំណាងវិស័យឯកជន ដើម្បីស្វែងយល់ និងត្រៀមខ្លួនចូលរួមអនុវត្តយុទ្ធសាស្រ្តនេះ ប្រកបដោយស្មារតីបុរេសកម្ម, ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់។

“ធុរកិច្ចថ្មី” ដែលភាសាអង់គ្លេសហៅថា Startup ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់​សម្រាប់នវានុវត្តន៍ និង សហគ្រិនភាព ដែលប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក បាននិងកំពុងយកចិត្តទុកដាក់។ ជាក់ស្ដែង, ធុរកិច្ចថ្មីជាច្រើនទាំងក្នុងតំបន់ និងលើសកលលោក ដែលចាប់ផ្ដើម​ចេញពីក្រុម ឬបុគ្គលមួយក្រុមតូច បានក្លាយទៅជា ក្រុមហ៊ុនយក្ស ឬ ជាភាសាអង់គ្លេសហៅថា Unicorn ដូចជា ក្រុមហ៊ុន Airbnb, Uber, Netflix, Grab ជាដើម។

យ៉ាងណាមិញ, ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និងធំ ដោយសារធុរកិច្ចថ្មី ប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី ជាជាងទីផ្សារដែលមានស្រាប់, ហើយមានសក្ដានុពល និងកាលានុវត្តភាព​ក្នុងការពង្រីក អាជីវកម្ម​យ៉ាងរហ័ស ជាមួយនឹងក្ដីរំពឹងថា អាចចាកចេញពីស្ថានភាពធុរកិច្ចថ្មី ហើយក្លាយទៅជាក្រុមហ៊ុនធុរកិច្ចថ្មី ដែលជោគជ័យ នាអនាគត ទោះបីជាគំរូអាជីវកម្មធុរកិច្ចថ្មី មានភាពមិនប្រាកដប្រជា​ខ្ពស់ក្នុងទីផ្សារយ៉ាង​ណាក្ដី។

ទន្ទឹមនេះ ធុរកិច្ចថ្មីនៅកម្ពុជាបាន និង​កំពុងវិវត្តខ្លួនទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្នាំ២០៥០។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេង និងកម្មវិបាកវិជ្ជមាននៃធុរកិច្ចថ្មី, រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌរួម ដើម្បីឆ្លើយតប និងដោះស្រាយជាយុទ្ធសាស្រ្តនូវបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍនេះ។

លើសពីនេះ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តជាតិនេះ នឹងក្លាយជាផែនទីបង្ហាញ​ផ្លូវ និងផ្ដល់នូវមាគ៌ាច្បាស់លាស់ សម្រាប់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ, បរិយាបន្ន និងចីរភាព។

យុទ្ធសាស្រ្តជាតិនេះ មានចក្ខុវិស័យ «ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ» ដោយឈរលើគោលការណ៍សំខាន់​ធំៗ ចំនួន ៣ ដែលរួមមាន៖ ១) រាជរដ្ឋាភិបាល​ជាតួអង្គ​ជំរុញ​ការអភិវឌ្ឍ​, ២) ការអភិវឌ្ឍ​ធុរកិច្ចថ្មី​ផ្ដោត​លើប្រព័ន្ធអេកូឡូស៊ី​ និង ៣) ការអភិវឌ្ឍ​ធុរកិច្ចថ្មី​ដោយ​សហវិវត្តន៍។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចពីតួនាទីរបស់ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្តយុទ្ធសាស្រ្ដ ក្នុងការរៀបចំផែនការសកម្ម​ភាពការងារជាក់ស្តែង និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការបន្តសហការជាមួយក្រសួង-ស្ថាប័ន​​​ និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំយន្តការក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះឱ្យបានច្បាស់លាស់ ដើម្បី​ធានាបាននូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់នៃការអនុវត្តយុទ្ធសាស្រ្ដ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា គ្រប់តួអង្គនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី​ ​ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មជាមួយ​ក្រសួង ស្ថាប័ន​ទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ដើម្បីបង្កើតសហថាមពល និងបរិស្ថានអំណោយផលដល់ការអភិវឌ្ឍធុរកិច្ចថ្មី​ ឱ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ធុរកិច្ចថ្មី​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានធ្វើបទបង្ហាញស្តីពីខ្លឹមសារសង្ខេបនៃយុទ្ធសាស្រ្ដជាតិ និងកិច្ចពិភាក្សាទៅ​លើ​ប្រធានបទ​មួយ​ស្ដីពី “ប្រែក្លាយ​យុទ្ធសាស្ត្រជាតិ​ទៅជាកម្មវិបាក (Impacts)៖ អនាគត​វិស័យធុរកិច្ចថ្មី​នៅកម្ពុជា”។

សូមជម្រាបថា យុទ្ធសាស្រ្តជាតិនេះ បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) រួមមាន៖ ១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នឹង​ត្រូវចាកចេញពីប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើងទៅជាប្រព័ន្ធអេកូឡូស៊ី ដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ, ២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីមានចំនួន ៣០០, ៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង ៤) ទំហំវិនិយោគលើធុរកិច្ចថ្មីមាន ៣០ លានដុល្លារអាម៉េរិក៕

ដោយ៖khmerhome