ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា បានធ្លាក់ចុះជាង ៣០% ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន។
យោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៨ម៉ឺននាក់ ថយចុះ ៣០,៧៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ជាមួយគ្នានេះ ចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៧ខែនេះ មានចំនួន ២០,៣២លានដុល្លារអាម៉េរិក ធ្លាក់ចុះ ២៩,០៣%។
ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៦ តែមួយ ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរ មានចំនួនជាង ៤ម៉ឺននាក់ ធ្លាក់ចុះ ២០,៨៤% ខណៈចំណូលពីការលក់សំបុត្រមានប្រមាណ ១,៨៥លានដុល្លារអាម៉េរិក ធ្លាក់ចុះ ២០,៣១% បើធៀបនឹងខែកក្កដាឆ្នាំមុន។
បើតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនថយចុះមកត្រឹម ០,១% ប៉ុណ្ណោះ ពោលគឺទាបជាងឆមាសទី១ ឆ្នាំ២០២៥ ដែលមានកំណើន ៦,១%។
របាយការណ៍នេះបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានធ្លាក់ចុះ ៤៧,៩% មកនៅត្រឹម ១,៨លាននាក់ ពីចំនួន ៣,៤លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែប្រសិនបើមិនរាប់បញ្ចូលភ្ញៀវទេសចរថៃ ចំនួនភ្ញៀវអន្តរជាតិនៅតែធ្លាក់ចុះ ២៩,៦%។ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកកម្ពុជា ភ្ញៀវចិននៅតែឈរលំដាប់ទី១ បន្ទាប់មកគឺភ្ញៀវវៀតណាម និងសហរដ្ឋអាម៉េរិក។
ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា ការធ្លាក់ចុះនៃវិស័យទេសចរណ៍នេះ បណ្តាលមកពីកត្តាជាច្រើន រួមមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក សង្គ្រាមនៅមជ្ឈិមបូព៌ា ការបិទព្រំដែនផ្លូវគោករវាងកម្ពុជា-ថៃ ព្រមទាំងព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាក់ស្តែង ជើងហោះហើរទៅ-មករវាងកម្ពុជា និងតំបន់មជ្ឈិមបូព៌ា ដែលធ្លាប់មានប្រមាណ ៥២ជើងក្នុងមួយសប្តាហ៍ បានថយចុះមកត្រឹម ៤៤ជើងក្នុងមួយសប្តាហ៍។ ទន្ទឹមនេះ ភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជាតាមផ្លូវអាកាស បានធ្លាក់ចុះ ២២,៨% ប៉ុន្តែមានសមាមាត្រ ៦២,៨% នៃភ្ញៀវអន្តរជាតិសរុប ខណៈភ្ញៀវដែលចូលមកតាមផ្លូវគោក និងផ្លូវទឹក បានធ្លាក់ចុះខ្លាំងដល់ ៦៦,៤% និងមានសមាមាត្រ ៣៧,២%។
ជាមួយគ្នានេះ ចំណូលពីវិស័យទេសចរណ៍អន្តរជាតិសរុបក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖khmerhome