ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចមកពីហុងកុង និងសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) បានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថាមពលបៃតង បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ អប់រំ និងសុខាភិបាល។ធុរជនហុងកុង និង GBA Alliance សម្លឹងឃើញកម្ពុជា ជាគោលដៅវិនិយោគថ្មី លើវិស័យ AI ថាមពលបៃតង អប់រំ សុខាភិបាល និងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់
ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយលោកបណ្ឌិត Jonathan K. S. Choi ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC), ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunwah Group កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកបង្ហាញពីសក្តានុពលវិនិយោគរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើកម្លាំងពលកម្មវ័យក្មេង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន និងគម្រោងហ្វូណនតេជោ ព្រមទាំងកំណែទម្រង់ស្ថាប័ន និងការធ្វើឌីជីថលូបនីយកម្មសេវាវិនិយោគ តាមរយៈប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើឆន្ទៈ និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តយ៉ាងរឹងមាំជូនដល់វិនិយោគិនបរទេស។
ជាការឆ្លើយតប លោកបណ្ឌិត Jonathan K. S. Choi បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងនាំយកក្រុមវិនិយោគិនសក្តានុពលមកសិក្សាឱកាសវិនិយោគដោយផ្ទាល់នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងពោរពេញដោយឱកាសធុរកិច្ចដ៏សម្បូរបែប។
លោកបណ្ឌិតបានសម្តែងនូវបំណងយ៉ាងមុតមាំក្នុងការនាំយកគម្រោងវិនិយោគសក្តានុពល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើវិស័យអាទិភាព និងបច្ចេកវិទ្យាទំនើបៗ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យឌីជីថល, ថាមពលបៃតង, ឧស្សាហកម្មថាម ពល, បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ, វិស័យអប់រំ និងការបណ្តុះបណ្តាល និងវិស័យថែទាំសុខភាព និងសុខាភិបាល ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រែក្លាយកិច្ចសហប្រតិបត្តិការនេះទៅជាគម្រោងវិនិយោគជាក់ស្តែង ដើម្បីទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ការផ្ទេរបច្ចេកវិទ្យាទំនើប បង្កើតការងារជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕
ដោយ៖khmerhome